ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ដូចយើងបានឃើញស្រាប់នឹងភ្នែក គឺកម្ពុជាយើងកំពុងតែបោះជំហានទៅរកភាពរីកចម្រើនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
ទេសចរណ៍បរទេសក៏កាន់តែកើនឡើងមកទស្សនាកម្ពុជា រីឯអ្នកវិនិយោគទុនវិញក៏កាន់តែមានជំនឿជឿជាក់លើស្ថិរភាពនយោបាយ និងសង្គមដែលកំពុងអំណោយផលយ៉ាងល្អប្រសើរដល់ការបណ្តាក់ទុនតូចធំនៅក្នុងប្រទេសយើង។
ហ្វេសប៊ុកផេកសម្តេចតេជោ សរសេរនៅថ្ងៃទី២៧ ខែមករា នេះ ដោយសង្កត់ធ្ងន់ថា”ទោះបីយើងខិតខំប្រឹងប្រែងយ៉ាងណាក្តី ក៏គង់តែនៅមានព័ត៌មានភូតកុហកអំពីប្រទេសយើង។ ប៉ុន្តែជាក់ស្តែង នៅពេលដែលទេសចរណ៍និងវិនិយោគគិនបានមកដល់ គឺពួកគេមានការកោតសរសើរកម្ពុជាអំពីការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោយពីបានរួចផុតពីរបបកាប់សម្លាប់ប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥ -១៩៧៩)។
“ការរីកចម្រើនរបស់ប្រទេសជាតិសព្វថ្ងៃ គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជនបានឡើយ”។
សម្តេចតេជោ សូមអរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជនដែលបានចូលរួមបន្សាបព័ត៌មានមិនពិតទាំងនោះ និងបានចូលរួមថែរក្សាការពារសន្តិភាព ដើម្បីយើងទាំងអស់គ្នាកាន់តែមានឱកាសអភិវឌ្ឍប្រទេសជាតិអោយកាន់តែរុងរឿង ! ។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងរីករាយគ្រប់ក្រុមគ្រួសារនៅក្នុងថ្ងៃសម្រាកចុងសប្តាហ៍៕ ចេស្តា