ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន ចុះបង្ក្រាបទីតាំងម៉ាស្សាកោសជប់ និង ឃាត់ខ្លួនថៅកែប្រុស-ស្រី ២នាក់ និង នារីបម្រើការ២នាក់នៅផ្លូវ៣៧១

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់ទីតាំងម៉ាស្សាកោសជប់ ប្រុសស្រី២នាក់ និងនារីបម្រើការងារ២នាក់ទៀត ដែលស្ថិតនៅផ្ទះលេខ៣៥១ ជាប់ផ្លូវលេខ៣៧១ ក្នុងភូមិម័ល សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស​ និងការពារអនីតិជន ចុះបង្ក្រាប និងឃាត់ខ្លួនកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ដោយពួកគេពាក់ព័ន្ធករណី លួចបង្កប់សេវាបម្រើផ្លូវភេទ ។

ក្នុងប្រតិបត្ដិការចុះបង្ក្រាបករណីខាងលើនេះ គឺមានការសម្របសម្រួលដោយលោកស្រី ស្រឺុ វណ្ណី ព្រះរាជអាជ្ញរងអមសាលាដំបូងរាជធានីភ្នំពេញ ចុះមកផ្ទាល់ផងដែរ ។

យោងតាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបទីតាំងម៉ាស្សាខាងលើនេះ ដោយទទួលបានពាក្យបណ្ដឹងរបស់ម្ដាយនារីបម្រើការនៅក្នុងទីតាំងម៉ាស្សាម្នាក់ដែលមានអាយុ១៧ឆ្នាំ បានចាញ់ល្បួងរបស់គេ ឲ្យមកធ្វើការក្នុងហាងម៉ាស្សា រួចក៏ល្បួងឲ្យបម្រើសេវាផ្លូវភេទជាមួយភ្ញៀវ ហើយនារីនោះ ក៏បានតេទៅប្រាប់ម្ដាយ រួចម្ដាយក៏ទៅដាក់ពាក្យបណ្ដឹងនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស​ និង ការពារអនីតិជន​ឲ្យជួយអន្តរាគមន៍ ។ ខណៈសមត្ថកិច្ចជំនាញទទួលពាក្យបណ្ដឹងរួចហើយ ក៏បានបើកការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបទីតាំងខាងលើតែម្ដង ។

ក្រោយពីបញ្ចប់ការចុះបង្ក្រាបករណី ដែលលួចបង្កប់សេវាបម្រើផ្លូវភេទ ខាងលើនេះ សមត្ថកិច្ចបាននាំខ្លួនម្ចាស់ទីតាំងប្រុសស្រី២នាក់ និងនារីបម្រើការងារអនីតិជន២នាក់ បញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស​ និង ការពារអនីតិជន​ ដើម្បីសួរនាំបន្ដនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖