ខេត្តព្រះសីហនុ៖ ក្រុមជំនាញរបស់អង្គភាពកម្ចាត់មីនកម្ពុជា ស៊ីម៉ាក់ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ បានបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទ MK82 ១គ្រាប់ ស្ថិតក្នុងការដ្ឋានទឹកស្អាតក្បាលឆាយ ស្ថិតនៅភូមិក្បាលឆាយ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ឲ្យដឹងថា ការអភិវឌ្ឍចាំបាច់ត្រូវ តែមានការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធានាសុវតិ្ថភាពជាចំបងចំពោះអ្នកធ្វើការផង និងដើម្បីបញ្ចៀសការខាតបង់ទ្រព្យសម្បតិ្ត នៃការវិនិយោគផងដែរ។ ដូចករណីគ្រាប់បែកមួយគ្រាប់នេះប្រសិនជាការផ្ទុះកើតឡើងវិញទំនប់ និងសម្ភារសំណង់ព្រមទាំងជីវិតអ្នកធ្វើការនៅទីនោះ អាចត្រូវខូចខាតនិងបាត់បង់ប៉ុន្មាននាក់នោះទេ ។
លោកអគ្គនាយកស៊ីម៉ាក់បញ្ជាក់ទៀតថា ជាញឹកញយ កម្លាំងស៊ីម៉ាក់តែងតែដោះបានគ្រាប់បែកទម្លាក់ពីលើយន្តហោះនេះមិនតិចទេ ដូចជា នៅខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ ព្រះសីហនុជាដើម។ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានឃើញគ្រាប់បែកប្រភេទនេះ ឬអាវុធជាតិផ្ទុះផ្សេងៗទៀត សូមកុំប្រថុយប្រថាន ចាប់ កាន់ ដំលេង ឬដឹកជញ្ជូនដោយខ្លួនឯងឲ្យសោះ ព្រោះវាអាចបង្កឲ្យផ្ទុះមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើង៕ ឆ្លាមសមុទ្រ