ភ្នំពេញ៖ យុវជនសិស្សវិទ្យាល័យទួលអំពិលមួយក្រុម បានអុកឡុកនិងវាយយុវជន២នាក់ ក្នុងតូបលក់ប្រហិត នៅក្នុងបរិវេណសាលា បណ្ដាលឲ្យម្នាក់របួសបែកក្បាល និងម្នាក់ទៀត របួសស្រាល ដោយបង្កការភ្ញាក់ផ្អើលកាលពីម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅបណ្តោយផ្លូវ២១៧ ភូមិតាឡី សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីស្ត្រីនិងលោកតាម្ចាស់តូបលក់ប្រហិត នៅកន្លែងកើតហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ យុវជនរងគ្រោះទាំង២នាក់រួមនិងសិស្សសាលាប្រុសស្រីជាច្រើននាក់ទៀត បានមកអង្គុយញាំប្រហិតនៅតូបលក់របស់គាត់ មួយសន្ទុះក្រោយមកក៏មានក្រុមក្នេងទំនើងប្រហែល៤នាក់ស្លៀកឯកសណ្ឋានជាសិស្សសាលាជិះម៉ូតូ២គ្រឿងចតឈប់ដើរសំដៅមកក្នុងតូបរបស់គាត់ទាញកៅអីវាយទៅលើក្បាលយុវជនទាំង២នាក់បណ្តាលឲ្យបែកក្បាលម្នាក់ និងម្នាក់ទៀតរងរបួសដៃ ព្រមទាំងវាយបំផ្លិចបំផ្លាញទូរកញ្ចក់និងកៅបែកបាក់ខ្ចាយប្រហិតម្ទេសបង្កឲ្យមានការផិតភ័យដល់អ្នកលក់និងសិស្សសាលាដ៍ទៃទៀតរត់ចែកជើងគ្នា
ក្នុងពេលនោះដែរ ក៏មានលោកតាម្ចាស់តូបជិះម៉ូតូរត់ទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោឲ្យជួយអន្តរាគមន៍ ហើយភ្លាមៗនោះដែរកម្លាំងនគរបាលប៉ុស្តិ៍ដង្កោបានរួសរាន់ទៅដល់កន្លែងកើតដើម្បីឃាត់ក្រុមជនបង្កតែក្រុមជនបង្កដឹងខ្លួនទាន់ក៍បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់។
ក្រោយពេលកើតហេតុ ស្ត្រីម្ចាស់តូបលក់ប្រហិតបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឲ្យជួយរកជនបង្ក ក៏ដូចជាទារសំណងថ្លៃខូចខាតសម្ភារះរបស់គាត់វិញផងដែរ ៕ ភារ៉ា ដង្កោ