ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើកបរម៉ូតូដួលបោកក្បាលស្លាប់​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយសារតែឥទ្ធិពលគ្រឿង​ស្រវឹង​បានធ្វើឲ្យបុរសម្នាក់​ភ្លេចភ្លាំងស្មារតី រហូតបើកម៉ូតូធ្លាក់ពីផ្លូវបោកក្បាលស្លាប់​យ៉ាងវេទនាបំផុត ។
ករណីនេះ​បានកើតឡើង​កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវក្រាលក្រួសក្រហម ត្រង់ចំណុចភូមិត្រពំាងព្រះ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
នគរបាលចរាចរណ៍​បានប្រាប់ភ្នាក់ងារយកព័ត៌មានថា គ្រោះថ្នាក់នេះ កើតឡើងដោយសារបើកម៉ូតូស្រវឹងស្រា បណ្តាលឲ្យធ្លាក់ពីចិញ្ចើមផ្លូវ ហើយជ្រុលទៅបុក នឹងពំនូកដី បោកក្បាលស្លាប់ដោយខ្លួនឯង។ ម៉ូតូជនរងគ្រោះ គ្មានភ្លើងបំភ្លឺផ្លូវ ហើយអ្នកបើកបរទៀតសោត គឺមិនពាក់មួកសុវត្ថិភាពថែមទៀត ។ ជនរងគ្រោះជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 1G7089 បើកបរទិសដៅពីជើងទៅត្បូង ។
សាកសពជនរងគ្រោះឈ្មោះឡាយ លន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិក្រំាងស្វាយ ឃុំធម្មតាអរ ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណី ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យរួចរាល់ ៕ សេនាស័ក្តិ

ចែករំលែក៖