ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តច្រាស់ទិស ​មកដល់ផ្លូវកោងបុកគ្នារបួស៣នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរស៣នាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសារបើកបររថយន្តច្រាស់ទិសគ្នា ខ្វះការប្រុងប្រយ័ត្នមកដក់ផ្លូវកោង បុកគ្នាតែម្ដង ។ ក្រោយមក ត្រូវបានសមត្ថកិច្ចការិយាល័យ ជំនាញនគរបាលចរាចរណ៍ផ្លូវគោ នៃស្នងការចុះវាស់វែង រួចក៏ហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនបញ្ជូនយកទៅព្យាបាល ។

ហេតុការណ៍ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ១៩ និង ២០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ រវាងរថយន្ត នឹងរថយន្ត ស្ថិតក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឲ្យមនុស្សរបួសធ្ងន់ចំនួន២នាក់ និងរបួសស្រាល១នាក់ ខូចខាតរថយន្តចំនួន២គ្រឿង។

សមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ ឈឿន ផល្លា ភេទប្រុសអាយុ២០ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបរតហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិនខេត្តប៉ៃលិន រងរបួសស្រាល បើកបររថយន្តម៉ាក NISAN ពាក់ស្លាកលេខ ប 1489 ភព2 ខូចខាតធ្ងន់, ឈ្មោះ លី ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាអ្នករួមដំណើរ របួសធ្ងន់ និងឈ្មោះ ង៉ែត សារ៉ាត់ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ចាតិខ្មែរ មុខរបរ អាជីវករ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន របួសស្រាល បើកបររថយន្តម៉ាក VIGO ពាក់ផ្លាកលេខ ភ្នំពេញ 2H-0191 ខូចខាតធ្ងន់ ។

មូលហេតុបណ្តាលមកពីកត្តាមនុស្សបើកបរមិនប្រកាន់ស្ដាំ។

បច្ចុប្បន្នរថយន្តត្រូវកម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន យកមករក្សាទុក ដើម្បីរង់ចាំដោះស្រាយ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕ ស សារ៉េត


ចែករំលែក៖