ខេត្តកំពង់ឆ្នាំង ៖ អ្នកទេសចរណ៍ជាច្រើននាក់ ដែលកំពុងលេងសប្បាយជាមួយនឹងទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ បាននាំគ្នារត់ចែកជើងគ្នា ក្រោយពីមន្រ្តីយោធាពាក់សក្តិ៥ម្នាក់បានទាញកាំភ្លើងខ្លីបាញ់ចំនួន៤គ្រាប់ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាវេលាម៉ោង ២ និង ៣០ នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងភូមិក្តុល ឃើញក្តុលសែនជ័យ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ទាហានពាក់ស័ក្តិ៥ ដែលបាញ់បោះសេរីនេះ មានឈ្មោះ រ៉េន រិទ្ឋី មានតួនាទីជា អធិការកិច្ចក្រសួងការពារជាតិ ។
ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងហេតុការណ៍នោះបានឲ្យដឹងថា គេឃើញបុរសម្នាក់នោះបានផឹកស៊ីឡើងស្រវឹងជោកជាំ មិនដឹងជាយ៉ាងដូចម្តេច ស្រាប់តែបានទាញកាំភ្លើងខ្លី កា៥៤ បាញ់ចំនួន៤គ្រាប់ ផ្ទុះអស់បីគ្រាប់ ធ្វើឲ្យភ្ញៀវទេសចរណ៍នៅតំបន់នោះដែលកំពុងតែលេងទឹកសប្បាយនោះនាំគ្នារត់ចែកជើងគ្នា ខ្លះរត់ឡើងមកលើគោកសំដៅចូលរថយន្ត ខ្លះរត់ចូលក្នុងព្រៃ ហើយអ្នកផ្សេងទៀត ក៏ឡើងរថយន្តរួចចេញដំណើរពីតំបន់ កំសាន្តនេះតែម្តងទៅ ។
ក្រោយពេលកើតហេតុភ្លាមៗ ប្រជាការពារ និង សហគមន៍ទេសចរណ៍ រួមនឹងសមត្ថកិច្ច ដែលប្រចាំការនៅទីនោះ បានតាមចាប់បុរសដែលជាទាហានសក្តិ៥នេះ បញ្ជូន មកអធិការដ្ឋាន នគរបាលស្រុកទឹកផុសដើម្បីចាត់ការបន្តតាមនីតិវិធី ។
ពាក់ព័ន្ធនឹងករណីនេះ ប្រធានការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់នៅយប់ថ្ងៃទី៧ កុម្ភៈ ថា ទាហានដែលបាញ់បោះសេរីនេះ នគរបាលស្រុកទឹកផុសនៅមិនទាន់បញ្ជូនមកនៅឡើយនោះទេ ៕ ចន្ថា