ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃសុក្រទី ៤ កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចបានឲ្យដឹងថា មានករណីមនុស្ស ស្លាប់ដោយ ធ្វើអត្តឃាតចង(ក) នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ត្រពាំងស្រទៃ ភូមិសាស្ត្រ ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជនរងគ្រោះមានឈ្មោះសារី តុលា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើខេត្តកំពង់ចាម បច្ចុប្បន្នធ្វើចំការ នៅតំបន់ត្រពាំងស្រទៃ ភូមិសាស្រ្ត ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ។
តាមការបំភ្លឺរបស់ឈ្មោះកែវ ប៊ុនធឿន ភេទប្រុស អាយុ ៥៥ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់សព មានទីលំនៅ ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ និងឈ្មោះ ស្រេង វួចលីន ភេទស្រីអាយុ៥២ឆ្នាំត្រូវជា ម្ដាយបង្កើតរបស់សព បានប្រាប់សមត្ថកិច្ចថា៖កូនរបស់ខ្លួន ឈ្មោះ សារី តុលា នេះ ជាមនុស្សញៀនស្រា តែងនិយាយថាពិបាក ចិត្ត មានគេតាមដេញចាប់ រវើរវាយ ដើរវង្វេង(សតិមិនសូវគ្រប់)។
កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ បានទុកជនរងគ្រោះឲ្យនៅ ចាំចំការតែម្នាក់ឯង រីឯខ្លួន និងប្រពន្ធបាននាំគ្នាទៅចូលឆ្នាំចិន នៅឯស្រុក កំណើត ភូមិស្វាយទាប ពេលត្រឡប់មកវិញ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៥និង២០នាទី ដល់រោងចំការរបស់ខ្លួនពុំឃើញកូនឈ្មោះ សារី តុលា នេះទេក៏នាំគ្នា មានឈ្មោះ អេង សុភា ភេទប្រុស អាយុ ៣០ឆ្នាំនិង ឈ្មោះ អេងសុផល ភេទប្រុស អាយុ ៤០ឆ្នាំជាកម្មករបាននាំគ្នាដើររកក្នុងចំការចន្ទីខាង ក្រោយ បានចម្ងាយ២០០ ម៉ែត្រ ក៏ប្រទះឃើញសាក សព ជាកូនរបស់ខ្លួន បានស្លាប់ ដោយធ្វើអត្តឃាតចង(ក)និងមែកដើមស្វាយចន្ទី ក៏នាំគ្នាពិនិត្យ មើល ឃើញសាកសព ត្រូវចង(ក)នឹងខ្សែរស្មាច់ភ្ជាប់ នឹងមែកចន្ទី បានបាក់សង្កត់ពីលើសាកសព ឃើញដូច្នេះ ក៏បានរាយ ការណ៍ មកសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលក្រយា។
ដឹងព័ត៌មានកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុសហការជាមួយប៉ុស្តិ៍ និងរដ្ឋអំណាចភូមិឃុំ ដើម្បីពិនិត្យ ទីកន្លែងកើតហេតុ និងសាកសពឃើញនៅលើ(ក) សពមានស្នាម ទ្រុតទំហំ១ស.ម ពណ៌ក្រម៉ៅ ព័ទ្ធពីខាងមុខ រាងបញ្ឆិតទៅក្រោយ នៅលើដងខ្លួន ពុំមានស្លាក ស្នាមអ្វីទេ។
ក្រោយពិនិត្យចប់ ការសន្និដ្ឋានសពជនរងគ្រោះ ឈ្មោះ សារី តុលា នេះពិតជាបានស្លាប់ដោយធ្វើអត្តឃាតចង(ក)ខ្លួនឯងពិតប្រាកដមែន ។ មូលហេតុ សតិមិនគ្រប់ ដោយសារផឹកស្រាច្រើនរួចបានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី