ភ្នំពេញ៖ មន្ត្រីម្នាក់ ដោយសារមានវិបត្តិគ្រួសារបានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា តែត្រូវបានអ្នកនេសា ទជួយសង្គ្រោះទាន់ពេល ។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកើតឡើងនៅម៉ោងជាង៣រសៀលទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើស្ពានជ្រោយចង្វាថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសដែលប៉ងលោតទឹកសម្លាប់ខ្លួនមានឈ្មោះ សុខ គន្ធារ៉ា អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៥០៤ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
បើតាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា ខ្លួនមានវិបត្តិក្នុងគ្រួសារ ដោះស្រាយមិនចេញហើយមុនពេលកើតហេតុបានឈ្លោះគ្នា ប្តី ប្រពន្ធ ខ្លួនក៏ជិះកង់បីក្នុងតំលៃ១៧០០០រៀល មកស្ពានជ្រោយចង្វា ដើម្បីលោតទឹកបញ្ចប់ជីវិត តែមិននឹកស្មានបងប្អូនខ្មែរឥស្លាមជួយស្រង់បែបនេះសោះ។
ក្រោយកើតហេតុជនរងគ្រោះត្រូវសមត្ថកិច្ចការពារគោលដៅស្ពានសាកសួរ និងណែនាំថ្ងៃក្រោយកុំឲ្យគិតខ្លីបែបនេះទៀតរួចទាក់ទងទៅក្រុមគ្រួសារឲ្យមកយកត្រឡប់ទៅផ្ទះវិញ ៕ ជ្រោយពេជ្រ