ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចរកឃើញ និងឃាត់ខ្លួនក្រុមបក្ខពួក៣នាក់ ដែលស្ទាក់វាយអ្នកកាសែតម្នាក់ស្លាប់ បន្ទាប់ពីចេញពីរាំធុងបាស់​ក្នុងស្រុកស្នួលនោះហើយ

ចែករំលែក៖

ខេត្តក្រចេះ៖ ជនសង្យ័យ៣នាក់ ដែលជាប់ពាក់ព័ន្ធ នឹងអំពើឃាតកម្ម ស្ទាក់វាយសម្លាប់អ្នកកាសែតម្នាក់ ជាភ្នាក់ងារអង្គភាពកាសែត បាត់ដំបងប៉ុស្តិ៍ ខណៈដែលជិះម៉ូតូនៅតាមផ្លូវ បន្ទាប់ពីជនរងគ្រោះរូបនោះ ចេញពីរាំធុងបាស់ កាលពីយប់ថ្ងៃអាទិត្យ១៤ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែក គីឡូម៉ែត្រលេខ៨៨ ឃុំ២ឆ្នូ ស្រុកស្នួលនោះ ត្រូវបានសមត្ថកិច្ចរកឃើញអត្តសញ្ញាណ និងបានឃាត់ខ្លួនបានជាបណ្តើរៗហើយ ។

ការឃាត់ខ្លួនជនដៃដល់ទាំង ៣នាក់នោះ សមត្ថកិច្ចបានធ្វើឡើងនៅរសៀល ថ្ងៃព្រហស្បតិ៍ ៣ កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមផ្ទះជនសង្សយ័រៀងៗខ្លួន ក្រោយពីបានវាយសម្លាប់ភ្នាក់ងារអង្គភាពកាសែត បាត់ដំបងប៉ុស្តិ៍ ហើយរត់គេចខ្លួនបានប៉ុន្មានថ្ងៃ ។

ប្រភពពីសមត្ថកិច្ចស្រុកស្នួលបានឲ្យដឹងថា ជនសង្ស័យរួមមាន ទី១.ឈ្មោះ វ៉ន វិញ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ទី២.ឈ្មោះ លឹម សុខគង់ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិដង្កោ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទី៣.ឈ្មោះ រឹត សីហា ភេទប្រុស អាយុ២១ឆ្នាំ កំពុងរត់គេចខ្លួន រស់នៅចំណុចគីឡូម៉ែត្រលេខ៩០ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

សមត្ថកិច្ចបានបន្តទៀតថា បើយោងតាមចម្លើយសារភាពសង្ស័យបានបញ្ជាក់ថា បក្ខពួករបស់គេបានរួមគ្នា ស្ទាក់វាយជនរងគ្រោះនៅចំណុចផ្លូវបំបែក គីឡូម៉ែត្រលេខ៨៨ ឃុំធ្នូ បន្ទាប់ពីមានការកាច់កុងក្នុងវង់រាំធុងបាស់ ហើយហេតុការណ៍យប់នោះឈ្មោះ រិត សីហា និងឈ្មោះ លឹម សុខគង់ ជាអ្នកយកដុំថ្មបោកទៅលើជនរងគ្រោះ បណ្តាលឲ្យងើបលែងរួចពីដី។

បន្ទាប់មក ក្រុមបក្ខពួកគេ ក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនទៅដេកពួននៅផ្ទះរៀងៗខ្លួនបាត់អស់ លុះព្រឹកស្អែកឡើង ក៏លេចឮដំណឹងអាក្រក់មួយថា ជនរងគ្រោះដែលបក្ខពួកខ្លួនបានព្រួតគ្នាវាយយប់នោះ បានស្លាប់ហើយ។

ជនសង្ស័យបន្តថា ក្រោយពេលដឹងជនរងគ្រោះស្លាប់ ក្រុមបក្ខពួករបស់គេបានផ្តល់ដំណឹងនោះឲ្យគ្នា ហើយក៏រត់គេចរៀងៗខ្លួន តែក៏ត្រូវសមត្ថកិច្ច តាមស្រាវជ្រាវរកឃើញ អត្តសញ្ញាណ និងឃាត់ខ្លួនបាន។

ជនរងគ្រោះដែលក្រុមជនដៃដល់បានធ្វើសកម្មភាពវាយសម្លាប់នៅតាមផ្លូវចំណុចខាងលើនោះ មានឈ្មោះ ស៊ន សិទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ជាភ្នាក់ងារអង្គភាពព័ត៌មាន បាត់ដំបងប៉ុស្តិ៍ ។

លោក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានឲ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននោះ គឺកំពុងឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការរដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីចាត់ការបន្តតាមច្បាប់ ៕ ជីវន្ត័


ចែករំលែក៖