ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត ម៉ាកMercedes Benz Ml350 4matic មួយគ្រឿងក្នុងល្បឿនលឿន រេចង្តូតទៅបុកទ្រូងផ្លូវ រងការខូចខាតអស់ចំនួន១កង់ រីឯរថយន្តផ្ទុះពោងសុវត្ថិភាព និងរងការខូចខាតផ្នែកខាងមុខ ចំហៀងខាងឆ្វេងយ៉ាងដំណំ នៅវេលាម៉ោង២និង២៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ (ត្រង់ចំណុចទល់មុខស្ថានទូតវៀតណាម) លើកំណាត់ផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសមាឌធំម្នាក់ រួមដំណើរដោយបុរសម្នាក់ទៀត បើករថយន្ត១គ្រឿង ម៉ាក Mercedes Benz Ml350 4matic ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AO-5452 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតអស់ចំនួន១កង់ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខ និងចំហៀងខាងឆ្វេងយ៉ាងដំណំផងដែរ តែសំណាងល្អ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។
ប្រភពបន្ថែមទៀតថា ភ្លាមនោះគេឃើញបុរសមាឌធំដែលជាអ្នកបើករថយន្ត និងបុរសម្នាក់ទៀត ជាអ្នករួមដំណើរ បានបើករថយន្តបន្តដំណើរទៅមុខទៀត បានប្រហែល៧០ម៉ែត្រ ក៏បត់ឡើងមកចតនៅមុខធនាគារ PBC Back រួចចេញមក ដោយទុករថយន្តបង្កហេតុចោលនៅកន្លែងកើតហេតុ រួចប្រញាប់ប្រញាល់គេចខ្លួន តែបានក្រុមសន្តិសុខរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅសមត្តកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយសងកាតខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមនីតិវិធី៕ ធឿនព្រែកជ័យ