ព័ត៌មានទាន់ហេតុការណ៍៖

បែនដឹកដីបុកជាមួយម៉ូតូ​ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រថយន្តបែនដឹកដី​បានបើកបុកជាមួយម៉ូតូ​មួយគ្រឿង បណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់ ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា វេលាម៉ោងជិត៨ព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើដងផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវចូលចាក់សំរាម ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត្រ២០០-២០១ រវាង ម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1G-5354 បើកបរដោយឈ្មោះ ស៊ឹម ដន ភេទ ប្រុស អាយុ ៣៧ឆ្នាំ មុខរបរ កម្មករ មានអ្នករួមដំណើរម្នាក់ឈ្មោះ ហ៊ឹម ម៉ៃសារុះ ភេទ ស្រី អាយុ ៣៩ឆ្នាំ មុខរបរ កម្មករ អ្នកទាំងពីរមានទីលំនៅភូមិស្រែក្នុង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ ជាមួយនឹងរថយន្តបែនដឹកដី ០១គ្រឿងម៉ាក HINO ពណ៌ ខៀវ ពាក់ស្លាកលេខក្រចេះ3A-0311 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ )មានទិសដៅ ផ្ទុយគ្នា បណ្តាលអោយ ឈ្មោះ ហ៊ឹមម៉ៃសារុះ អ្នករួមដំណើរលើម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឈ្មោះ ស៊ឹម ដន អ្នកបើកបរម៉ូតូរងរបួសបាក់ជើងធ្ងន់ធ្ងរ បំផុត បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកវាលរេញ ។

ក្រោយកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ៕ ឆ្លាម សមុទ្រ


ចែករំលែក៖