ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នងនៅជិតរម្មណីយដ្ឋាន វត្តកៀនស្វាយក្រៅ

ចែករំលែក៖

ខេត្តកណ្តាល៖ ផ្ទះប្រជាពលរដ្ឋ១ខ្នងដែលប្រកបមុខរបរទិញ_លក់ អេតចាយ ធ្វើអំពីថ្មក្រោមឈើខាងលើត្រូវភ្លើងឆេះអស់ទាំងស្រុង តែមិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះ ដោយសារមានការអន្តរាគមន៍ ពីប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជិតគ្នា និងមាន រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿងចេញទៅអន្តរាគមន៍បាញ់ពន្លត់បន្ថែមទៀត ។

គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ម្ចាស់ផ្ទះមានឈ្មោះ ម៉ៃ សូនី ភេទស្រី អាយុ ៥១ឆ្នាំ បន្ទាប់ពីឃើញផ្ទាល់ភ្នែក ពេលព្រះអគ្គិកំពុងតែឆេះយ៉ាងសន្ធោសន្ធៅ បានធ្វើឲ្យម្ចាស់ផ្ទះ និងកូនស្រីយំឡើងសន្លប់ហើយត្រូវបានអ្នកជិតខាងលួងលោមកុំឲ្យអស់សង្ឃឹម ។

លោកវរៈសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នង និង២ខ្នងទៀតខូចខាតជញ្ជាំងនេះ បណ្តាលមកពីទុស្សេខ្សែភ្លើងនៅផ្ទះឈើខាងលើ ។ នៅថ្ងៃកើតហេតុម្ចាស់មិននៅផ្ទះនោះទេរវល់ទៅឲ្យគ្រូពេទ្យចាក់ថ្នាំឆ្កែខាំ ។ ពេលទៅដល់ផ្ទះគ្រូពេទ្យប្រាប់ថាអស់ថ្នាំឆ្កែខាំហើយចាំស្អែក ចាំមកចាក់ បន្ទាប់មកម្ចាស់ផ្ទះរងគ្រោះ ក៏ដើត្រឡបមកវិញស្រាប់តែឃើញផ្សែងហុយចេញពីផ្ទះឈើរបស់ខ្លួន ។ ភ្លាមនោះ ក៏ស្រែកឲ្យអ្នកជិតខាងជួយពន្លត់ដែរ តែមិនអាចទប់ទល់ជាមួយ នឹងអណ្តាតភ្លើងដែលកំពុងតែឆេះពេញអំណាចបានឡើយ ។ បន្ទាប់មក រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿងចេញ អន្តរាគមន៍ដើម្បីទប់ស្កាត់កុំឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងដោយប្រើប្រាស់ទឹក បាញ់ពន្លត់អស់ចំនួន៧រថយន្ត ។

ក្នុងករណីនេះដែរ សម្ភារដែលឆេះអស់រួមមាន ទូដាក់សំលៀកបំពាក់ចំនួន០២ ពូកសំរាប់ដេក ០២ ទូរទស្សន៍ ព្យួរជញ្ជាំង ០២ គ្រឿង ប័ណ្ណកាន់កាប់ដីធ្លី១សន្លឹក កន្ទេល មុង ខ្នើយ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។ ក្នុងនោះ អណ្ដាតភ្លើងបានឆាបរោលដល់ជញ្ជំងផ្ទះ២ខ្នងនៅអបសង ខាងតែមិនរងការខូចខាតធ្ងន់ធ្ងរឡើយ ៕ សណ្តោស


ចែករំលែក៖