ខេត្តកំពង់ធំ៖ ការបង្កើតស្ថានីយទឹកស្អាតនៅតាមទីជនបទគឺចូលរួមបង្កើន អនាម័យជនបទឲ្យកាន់តែប្រសើរឡើង ដែលរាជរដ្ឋាភិបាលកំពុង មានការយកចិត្តទុកដាក់ ចាប់ដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាល ក្នុងគោលដៅ ជួយបង្កើននូវសុខភាព ជូនប្រជាពលរដ្ឋនៅតាមទីជនបទ ។
ថ្លែងនៅក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយទឹកស្អាត ក្រោមការគាំទ្រថវិកា ពីអង្គការ USAID តាមរយៈអង្គការ Worldfish អង្គការ អូវីទឹកស្អាត១០០១ ស្ថិតនៅ ភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃចុងសប្តាហ៏នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថ្លែងអំណរគុណដល់បណ្តាអង្គការដៃគូរ ដែលតែងតែជួយដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឃុំ ស្រុក ក្រុងក្នុងខេត្ត ព្រោះថា គុណតម្លៃនៃការផលិតស្ថានីយចម្រុះទឹក គឺមានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយអនាម័យជនបទ ជាពិសេសគឺការជួយឲ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍ទីជនបទ ឲ្យមានសុខភាពល្អតាមរយៈ ការហូបទឹកស្អាត ផឹកស្អាត រស់នៅស្អាត ។
លោកបន្តថា សុខភាពរបស់មនុស្សយើងម្នាក់ៗ គឺត្រូវផ្តោតសំខាន់លើការរស់នៅប្របកដោយមានអនាម័យ ដើម្បីឲ្យមានសុខភាពល្អ ។
ដូច្នេះ ការផឹកស្អាតនេះ សំដៅលើការបរិភោគទឹក ដែលគ្មានមេរោគ ក្នុងនោះ ក្រៅពីទឹកដាំពុះ គឺបងប្អូនប្រជាពលរដ្ឋ អាចហូបទឹកចម្រុះ ដែលចេញពីស្ថាននីយចម្រុះទឹកស្អាតនេះបាន ព្រោះទឹកនេះបានឆ្លងកាត់តាមប្រព័ន្ធចម្រោះ ជាច្រើដំណាក់កាល ស្របតាមលក្ខណៈបច្ចេកទេសស្តង់ដារមួយយ៉ាងពិតប្រាកដ ។
ជាមួយគ្នានេះ លោក ភឿង ប៊ុន ប្រធានប្រតិបត្តិអង្គការទឹកស្អាត១០០១ និងប្រតិបត្តិករក្នុងសហគមន៍ទឹកស្អាតឃុំជ័យ បានលើកឡើងថា ស្ថានីយចម្រុះទឹកស្អាត ដែលអង្គការ១០០១ ផ្តល់ជូនរហូតមកដល់ពេលនេះមានចំនួន២៥៨ស្ថានីយ ហើយក្នុងខេត្តកំពង់ធំ មានចំនួន៣ កន្លែង ដែលស្ថានីយទាំងអស់នេះ បានចម្រុះទឹកបានស្អាតល្អរហូតដល់១មីក្រុង និងអាចរក្សានូវសារធាតុរ៉ែមួយចំនួនដែលជួយដល់សុខភាព ។
ជាមួយគ្នានេះ លោកប្រធានសហគ្រិនដែលបានផលិតទឹកស្អាត បានលើកឡើងថា ស្ថានីយទឹកស្អាតរបស់លោកក្នុង១ថ្ងៃ ព្រឹកបាន១៥០ ប៊ីដុង ប្រសិនបើប្រជាពលរដ្ឋទិញថ្មី គឺ១២.០០០រៀល ប្រសិនបើគាត់មានប៊ីដុងដូរតម្លៃតែ១៥០០រ ដឹកជញ្ជូនដល់ផ្ទះ តែប្រសិនបើគាត់នៅជិតមកដូរខ្លួនឯងគឺតម្លៃ ១២០០រៀល តែប៉ុណ្ណោះ ។
ជាមួយគ្នានេះលោក ស៊ុន វឌ្ឍនៈ ប្រធានសម្របសម្រួលគម្រោងរបស់អង្គការ (World Fish) បានលើកឡើងថា អង្គការ(World Fish) មានអង្គការដៃគូចំនួនពីរទៀត គឺអង្គការត្រួសត្រាយកម្ពុជា និងអង្គការទឹក ស្អាត១០០១ ដែលជាដៃគូរអនុវត្តន៍លើកការផលិតស្ថានីចម្រុះទឹកស្អាត ហើយក្រៅពីនេះអង្គការ (World Fish) បានរួមចំណែកជារាជរដ្ឋាភិបាលក្នុងការរក្សានូវធនធានធម្មជាតិនៅតាមវាលស្រែផ្តោតសំខាន់លើការថែរក្សាពូជត្រី តាមរយៈការជីកស្រះ និងស្តារស្រះ ត្រពាំង រួមនឹងបង្កើតសួនបន្លែ ជាលក្ខណៈគ្រួសារផងដែរ ។
លោកបន្តថា តាមរយៈគម្រោងនេះ គឺបានចុះបណ្តុះបណ្តាលប្រជាពលរដ្ឋនៅតាមសហគមន៍ អំពីការថែរក្សាស្រះទឹក ថែរក្សាពូជត្រីនិងចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពគ្រួសាររបស់ពួកគាត់បានមួយកម្រឹតផងដែរ ៕ ប៊ុនរិទ្ធី