ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៣គ្រឿងបុកបន្តគ្នា របួសធ្ងន់ ស្រាល៥នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មនុស្សប្រុស ស្រី៥នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿង​បុកបន្តគ្នា ។ ជនរងគ្រោះត្រូវបាន​បញ្ជូនទៅកាន់មន្ទីរពេទ្យសម្ភព​អ៊ុំសារ៉ន ដើម្បីសង្គ្រោះ ។

ប្រភពព័ត៌មានពីនគរបាល​ចរាចរណ៍បានបញ្ជាក់ថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៨ និង២៥នាទីព្រឹក នៅលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រ ៤២-៤៣ ចំណុចភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត១គ្រឿងម៉ាកហ៊្វុយសោ ពណ៌ត្រួយចេក ពាក់ស្លាកលេខព្រះសីហនុ ៣A.១៥១៧ អ្នកបើកបរមិនស្គាល់ឈ្មោះ (ចុះរត់បាត់) បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើបានបុករថយន្តពីក្រោយ១គ្រឿង ម៉ាកតូយ៉ូតាកាមរី ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ២B.៦៥៦១ អ្នកបើកបរឈ្មោះ អ៊ុក ឈួន ភេទប្រុស អាយុ៤៨ឆ្នាំ បានដឹកមនុស្សចំនួន ៤នាក់ ស្រី ៣នាក់ ១/ ជឹម ចេង ភេទប្រុស អាយុ៣៦ឆ្នាំ ២/ សុត សុខន ភេទស្រី អាយុ៣១ឆ្នាំ ៣/ ជឹម ធឿន ភេទស្រី អាយុ១៩ឆ្នាំ ៤/ ជឹម ថៃណាត ភេទស្រី អាយុ៥ឆ្នាំ អ្នកទាំង ៥ រស់នៅភូមិបឹងរុន ឃុំសីឡូត ស្រុកសីឡូត ខេត្តបាត់ដំបង កំពុងបើកបរពីលិចទៅកើត បន្ទាប់មករថយន្តតូយ៉ូតាកាមរី បានខ្ទាត់ទៅបុកជាមួយរថយន្ត ១គ្រឿងទៀតម៉ាកហ្វ្រាយឡែនន័រ ( FREIGHTLINER) ពណ៌ត្រួយចេក ពាក់ស្លាកលេខព្រះសីហនុ ៣A.៧៧៧៩ អ្មកបើកបរមិនស្គាល់ឈ្មោះ (ចុះរត់បាត់) ដែលកំពុងបើកបរពីកើតទៅលិច បណ្តាលអោយអ្នកជិះរថយន្តតូយ៉ូតាកាមរី រងរបួស ស្រាលទាំង៥នាក់ ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូន ទៅពេទ្យសម្ភពអ៊ុំសារ៉នដើម្បីសង្គ្រោះ ៕ សេនាស័ក្តិ


ចែករំលែក៖