ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ កម្មការិនី ១៧នាក់ នៅសួនឧស្សាហកម្ម វឌ្ឍនៈ២ បានរងរបួសធ្ងន់ស្រាល ក្រោយពីបាក់ពិដានសង្កត់ ពេលកំពុងធ្វើការ

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងហោចណាស់ មានកម្មការិនីរោងចក្រកាត់ដេរសំលៀកបំពាក់ អាកាសសិត ហ្គាមេន បានរងរបួសធ្ងន់ ស្រាល ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ ក្រោយពីបាក់ធ្លាក់ពិដាន រោងចក្រ សង្កត់លើពេលកំពុងធ្វើការ ដោយបង្កការភ្ញាក់ផ្អើលដល់កម្មករភ័យស្លន់ស្លោរត់ជាន់ជើងគ្នា កាលវេលាម៉ោង ៧និង២០នាទីព្រឹក ថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅសួនឧស្សាហកម្មវឌ្ឍនៈ២ ក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ អាកាសសិត ហ្គាមេន សង្កាត់ក្រាំពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកម្មករធ្វើការនៅក្នុងរោងចក្រកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើហេតុ នៅម៉ោង៧ព្រឹក កម្មករ កម្មការិនីរោងចក្របានចូលធ្វើការដូចរាល់ដង ខណៈមួយសន្ទុះក្រោយពេលកំពុងតែធ្វើការ ស្រាប់តែពិដានបានបាក់ធ្លាក់សង្កត់កម្មករបណ្ដាលឲ្យរបួសធ្ងន់ស្រាល១៧នាក់ ហើយពេលនោះ ធ្វើឲ្យកម្មករកម្មការិនីជាច្រើននាក់ភ័យស្លន់ស្លោ រត់ចេញពីរោងចក្រភ្លាមៗផងដែរ ។

បន្ទាប់មក កម្មករ កម្មការិនីដែលរបួសធ្ងន់ស្រាល ត្រូវបានរថយន្តរោងចក្រដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្រោះភ្លាមៗ ។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីបាក់ពិដានរោងចក្រខាងលើ ដោយសាឆ្អឹងដែកពិដានចងខ្សែលួសហើយពិដានធ្ងន់ទើបបណ្ដាលឲ្យដាច់ខែ្ស លួសបាក់ធ្លាក់ពិដានរោងចក្រសង្កត់លើកម្មករ កម្មការិនីដែលកំពុងធ្វើការរបួសធ្ងន់ ស្រាល១៧នាក់បែបនេះ ៕ ភារ៉ា ដង្កោ


ចែករំលែក៖