ខេត្តកំពង់ឆ្នាំង ៖ រថយន្តសាំយ៉ុងចំនួន៣គ្រឿង និង រថយន្តហ៊ីយ៉ាន់ដាយយីឌុប១គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចាប់ឃាត់ទុកក្រោយពីរថយន្តទាំង៤គ្រឿងនេះ ដឹកសំពីងសំពោងខុសលក្ខណៈបច្ចេកទេស ។ ប្រតិបត្តិការឃាត់រថយន្តដឹកសំពីសំពោងនេះ គឺធ្វើឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
លោកមាស ឈុនលី ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ បានប្រាប់ឲ្យដឹងថា រថយន្តដែលកម្លាំងសមត្ថកិច្ចចម្រុះរបស់លេខាដ្ឋានសុវត្ថិភាពចរាចរណ៍ឃាត់ទុក នេះ មានចំនួន៤គ្រឿង រថយន្តម៉ាកសាំយ៉ុងចំនួន៣គ្រឿង ដែលម្ចាស់រថយន្ត បានដាក់បន្ថែមភ្លៅកង់ក្រោយរថយន្ត ត កន្ទុយក្រោយប្រវែងជាង១ម៉ែត្រចេញពីតួរថយន្ត និងដឹកទំនិញដាក់លើដំបូលរថយន្តសំពីងសំពោងខុសលក្ខណៈបច្ចេកទេស ខុសពីច្បាប់ចរាចរណ៍ផ្លូវគោក ។ ចំណែករថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយជាប្រភេទថយន្តយីឌុប សមត្ថកិច្ចរកឃើញថា បានផ្ទុកទំនិញខុសកម្ពស់ ដែលច្បាប់កំណត់ លើសកម្ពស់ជាង៤តឹក ។
លោកមាស ឈុនលី បានឲ្យដឹងទៀតថា រថយន្តទាំង៤គ្រឿងដែលសមត្ថកិច្ចចម្រុះឃាត់ទុកនេះ គឺតម្រូវឲ្យម្ចាស់រថយន្តធ្វើកាកែតម្រូវ ដែលកែច្នៃខុសលក្ខណបច្ចេកទេស ដូចជារថយន្តសសាំយ៉ុង ត្រូវតែដោះកង់រថយន្តចំនួន២ផ្នែកខាងក្រោយ កាត់ទ្រុងខាងក្រោយចេញ និងរើទំនិញដែលដាក់លើដំបូលសំពីងសំពោងចេញ ចំណែករថយន្តដែលដឹកលើសកម្ពស់ ក៏ត្រូវឲ្យរើទំនិញចេញដែរ ។ ចំពោះម្ចាស់រថយន្តត្រូវធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ដែលដឹកល្មើសច្បាប់ ។
លោក មាស ឈុនលី បានឲ្យដឹងថា ក្រុមលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានអនុវត្តកាតព្វកិច្ចរបស់ខ្លួនជាប្រចាំ ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ទប់ស្កាត់ការដឹកលើសទម្ងន់កំណត់ ការដឹកសំពីសំពោង និង ពិនិត្យមើលរថយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេស ៕ ចន្ថា