ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចរាចរណ៍ខេត្តសៀមរាប អំពាវនាវឲ្យអ្នករត់រ៉ឺម៉កកង់បីទាំងអស់ ពាក់អាវកាក់សម្គាល់ជៀសវាងមានការផាកពិន័យ

ចែករំលែក៖

ខេត្តសៀមរាប៖ មន្រ្តីនគរបាលចរាចរណ៍ខេត្តសៀមរាប អំពាវនាវឲ្យអ្នករត់រ៉ឺម៉កកង់បីទាំងអស់ ពាក់អាវកាក់សម្គាល់ ជៀសវាងមានការផាកពិន័យនៅថ្ងៃខាងមុខ ។

លោកវរៈសេនីយ៍ទោ ជា វុទ្ធី នាយរងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានអំពាវនាវឲ្យអ្នករត់រ៉ឺម៉កកង់បីទាំងអស់ ទៅធ្វើអាវកាក់សម្គាល់ឲ្យបានគ្រប់ៗគ្នា ព្រោះឥឡូវអាវកាក់មានលក់នៅ សាលាក្រុងសៀមរាប រៀងរាល់ម៉ោងធ្វើការ ដោយអាវកាក់មួយតម្លៃ ៦ដុល្លារតែប៉ុណ្ណោះ ជៀសវាងមានការផាកពិន័យនៅថ្ងៃខាងមុខ ។ ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធីសន្ទនាមតិនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ។

លោក ជា វុទ្ធី បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ អ្នករត់រ៉ឺម៉កកង់បី ដែលគ្មានអាវកាក់សម្គាល់ សមត្ថកិច្ចមិនទាន់មានការផាកពិន័យនៅឡើយទេ ប៉ុន្តែគា្រន់តែអប់រំដល់ម្ចាស់រ៉ឺម៉កកង់បីស្វែងយល់ពីសារសំខាន់នៃអាវកាក់ តែប៉ុណ្ណោះ។ លោកបានបន្ថែមថា នៅថ្ងៃខាងមុខ បើសិនជាម្ចាស់រ៉ឺម៉កណានៅ តែមិនធ្វើអាវកាក់ នឹងរងនូវការផាកពិន័យជាក់ជាមិនខាន។

លោក នាយរងការិយាល័យចរាចរណ៍ បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ បើមានមន្រ្តីនគរបាលណាមួយ ផាកពិន័យលើអ្នករត់រ៉ឺម៉កកង់បីដែលមិនបានពាក់អាវកាក់ សម្គាល់នោះ ពលរដ្ឋអាចរាយការណ៍មកការិយាល័យចរាចរណ៍ផ្លូវគោក តាមរយៈលេខ ទូរស័ព្ទ ០១៧ ៦៩ ១១ ២៣ ហើយរាល់ការរាយការណ៍ត្រូវបានរក្សាការសម្ងាត់ និងធានាជូនពីសុវត្ថិភាពផងដែរ ៕ ប៊ុនរិទ្ធី


ចែករំលែក៖