ភ្នំពេញ៖ ស្ត្រីម្នាក់បានបែកក្បាលស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធម័ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ លោកឃង្ឃ បន្ទាប់ពីជិះម៉ូតូឌ្រីម សង់មួយគ្រឿង ឌុបគ្នាត្រូវរថយន្តមិនស្គាល់ម៉ាកបុកហើយកិនរួច បើកគេចបាត់ស្រមោល ។
ហេតុការណ៍ដ៏រន្ធត់នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវបេតុង ទល់មុខវិទ្យុABC ក្នុងភូមិព្រែកថ្លឹងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ខណៈដែលសមត្ថកិច្ចកំពុងស្រាវជ្រាវ ។
តាមប្រភពពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ ឌុបនារីម្នាក់ ដោយម៉ូតូហុងដាឌ្រីម២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H -4175 បានធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿង មិនចាំស្លាកលេខ បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាសទិសគ្នា ហើយបានបុកម៉ូតូយ៉ាងពេញទំហឹង និងកិនចំក្បាលនារីម្នាក់ស្លាប់មួយរំពេច រីឯយុវជនម្នាក់ជាអ្នកឌុបបានរងរបួសធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ។
ក្នុងអំឡុងពេលកើតហេតុ រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ដោយបានបន្ថែមល្បឿនបើករត់គេចដោយសុវត្ថិភាព ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុករង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ច និងទាក់ទងស្វែងរកក្រុមគ្រួសារឲ្យមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ