ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ស្រវឹងឡើងស្រាជោក បើករថយន្តបុកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់១កង់ ហើយដេកលក់ធ្វើព្រងើយ

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ស្រាស្រវឹងឡើងជោកជាំ ហើយបើករថយន្តទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តបង្កបានដាច់កាឡែកង់មុខផ្នែកខាងឆ្វេងទៅមុខលែងរួច ដោយធ្វើឲ្យអ្នកបើកបរងើយលេងរួចក៏ដេកក្នុងរថយន្តតែម្ដង ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវភ្លោះអូរឫស្សី ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក កាមរីហាយព្រីត ពណ៌ស្ករ ពាក់ស្លាក់លេខ ភ្នំពេញ 2U-5042 បើកបរដោយបុរសវ័យចំណាស់ម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹង ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកក្បាលនាគទ្រូងពុះចែកផ្លូវបាក់អស់ចំនួន១កង់ ឯរថយន្តរងការខូចខាតដាច់កង់ខាងឆ្វេង បើកទៅមុខលែងរួច ចំណែកម្ចាស់រថយន្តស្រវឹងខ្លាំងពេក ក៏ដេកលង់លក់ក្នុងរថយន្តតែម្ដង ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កត្រូវបានកូនចៅមកយកចេញកន្លែងកើតហេតុបាត់ ចំណែកសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅមន្រ្តីជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីវាស់វែង និងស្ទួចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖