ភ្នំពេញ៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងគណៈ បញ្ជាការឯកភាពខណ្ឌ ចុះរដ្ឋបាលនៅសំណង់មិនរៀបរយ ស្ថិតខាងក្រោយនគរបាលប៉ុស្តិ៍ទួលសង្កែទី១ ជាក់ស្តែងបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់២កន្លែង ដកហូតទូរហ្គេមចំនួន៦គ្រឿង និងឃាត់ខ្លួនយុវជនប្រុសស្រី៣នាក់ ។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ស្ថិតនៅខាងក្រោយប៉ុស្តិ៍នរគបាលរដ្ឋបាលទួលសង្កែទី១ ក្រុម១៤ តំបន់សំណង់មិនរៀបរយ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោក ប្រាជ្ញ សីហា បានឲ្យដឹងថា ក្រោយប្រតិបត្តិការចប់ ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនយុវជនប្រុសស្រី ៣នាក់ (ក្នុងនោះស្រីម្នាក់); ទូរហ្គេមចំនួន៦គ្រឿងក្នុងនោះហ្គេមបៀរ៤ទូនិងហ្គេមត្រីខុសច្បាប់ចំនួន២ទូ ។ ចំណែកយុវជនប្រុសស្រីទាំង៣នាក់នោះ ត្រូវបានអាជ្ញាធរអប់រំ និងកិច្ចសន្យា រួចឲ្យត្រឡប់ទៅផ្ទះវិញ ដោយឡែកវត្ថុតាង មានទូហ្គេមទាំង៦គ្រឿង ដឹកទៅរក្សាទុកនៅសាលាខណ្ឌឫស្សីកែវរង់ចាំយកទៅកម្ទេចចោលនាពេលក្រោយ ៕ អារុណរះ