ព័ត៌មានទាន់ហេតុការណ៍៖

ទៀតហើយ បាញ់ទៀតហើយ នៅអាមេរិក ស្លាប់ និងរបួស ១០នាក់

ចែករំលែក៖

ខ្មាន់កាំភ្លើងម្នាក់ បាញ់សម្លាប់មនុស្ស៥នាក់ និងបាញ់ប៉ូលិសរបួស៥នាក់នៅទីតាំងឃ្លាំង មួយកន្លែង ជិតទីក្រុង Chicago សហរដ្ឋអាមេរិក ។

ប៉ូលិសបានស្គាល់អត្តសញ្ញាណខ្មាន់កាំភ្លើងឈ្មោះ Gary Martin អាយុ៤៥ឆ្នាំ ដែលធ្វើការនៅក្នុងបរិវេណឧស្សាហកម្ម Aurora រដ្ឋ Illinois សហរដ្ឋអាមេរិក ។ ខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់នាពេលបន្ទាប់មក ។

ស្នងការប៉ូលិស Kristen Ziman ថ្លែងថា ប៉ូលិសបានរងរបួស ខណៈចូលទៅកាន់បរិវេណឃ្លាំងនោះ ហើយត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ ។ ការរងរបួសរបស់មន្ត្រីប៉ូលិសមិនគំរាមកំហែងដល់អាយុជីវិតនោះទេ ។ ប៉ូលិសម្នាក់ទៀតរងរបួសដែរ ប៉ុន្តែមិនមែនបណ្តាលមកពីត្រូវគ្រាប់កាំភ្លើងនោះឡើយ។

ការបាញ់ប្រហារនេះកើតឡើងមួយថ្ងៃ ក្រោយខួបមួយឆ្នាំការបាញ់សម្លាប់រង្គាលនៅសាលាមួយក្នុងតំបន់ Parkland រដ្ឋ Florida សហរដ្ឋអាមេរិក បណ្តាលឲ្យស្លាប់១៧នាក់។

ប៉ូលិសបញ្ជាក់ថា ការបាញ់ប្រហារនៅ Aurora នោះកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃសុក្រ (ពេលវេលាក្នុងតំបន់) ។ ស្ថានការគ្រប់គ្រងបាននៅប្រហែលមួយម៉ោងក្រោយមក ៕


ចែករំលែក៖