ព័ត៌មានទាន់ហេតុការណ៍៖

សពព្រឹទ្ធាចារ្យ ផ្លុង មឿក នឹងរៀបចំពិធីបូជានៅថ្ងៃចន្ទទី១៨ ខែកុម្ភៈ

ចែករំលែក៖

ភ្នំពេញ៖ ដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យផ្នែកចម្រៀងអាយ៉ៃខ្មែរ លោកតាផ្លុង មឿក បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមានភាពសោកស្តាយជាពន់ពេក ព្រោះតែជាការបាត់បង់វីរៈសិល្បករខ្មែរដ៏ល្បីល្បាញ។ សពលោកព្រឹទ្ធាចារ្យត្រូវបានតំកល់ទុកធ្វើបុណ្យតាមទំនៀមទម្លាប់ប្រពៃណីខ្មែរក្នុងវត្តស្វាយពពែនាសង្កាត់ទន្លេបាសាក់ រួចនឹងត្រូវរៀបចំពិធីបូជានៅរសៀលថ្ងៃចន្ទទី១៨ខែកុម្ភៈនៅក្នុងបរិវេណវត្តនេះតែម្តង។

ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ ផ្លុង មឿក បានទទួលមរណៈភាពហើយ នៅ នៅព្រឹកម៉ោង៨ថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៩កន្លងទៅ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយរោគាពាធ ។ មរណភាព នេះគឺក្រោយពេលព្រឹទ្ធាចារ្យ អាយ៉ៃល្បីឈ្មោះលោកតា ផ្លុង មឿក បានធ្លាក់ខ្លួនឈឺធ្ងន់ប្រមាណជាង៥ឆ្នាំកន្លងមកហើយវ័យជរា រួមទាំងជំងឺរ៉ាំរ៉ៃរួមរិតអស់ជាច្រើនឆ្នាំបានធ្វើឲ្យអ្នកចម្រៀងអាយ៉ៃល្បីឈ្មោះលោកតាផ្លុង មឿក ដេកដួលសម្រាន្តនៅនឹងកន្ទេល។ មានជំងឺរលាកសួត និងស្វិតខួរក្បាល ដោសារអាការៈគាត់ធ្ងន់ គេក៏បញ្ជូនមកមន្ទីរពេទ្យជាញឹកញាប់។

កូនស្រីលោកព្រឹទ្ធាចារ្យផ្លុង មឿកបានបញ្ជាក់ថា សពនឹងបន្តតំកល់ទុកធ្វើបុណ្យតាមទំនៀមទម្លាប់រហូតដល់រសៀលថ្ងៃទី១៨ខែកុម្ភៈទើបរៀបចំបីធីដង្ហែរទៅកាន់មេរុ និងបន្តរៀបចំពិធីបូជានៅម៉ោង២រសៀលតែម្តង។ ប្រភពបន្តថា លោកសាស្ត្រាចារ្យផ្លុក ផ្លុកមឿក បានទទួលមរណភាពនៅផ្ទះជួលនាតំបន់ខាងមុខផ្សារទំនើប ។

ប្រភពថាក្រោយពីលក់ផ្ទះនៅតំបន់បុរីសន្តិភាពកាលពីប៉ុន្មានឆ្នាំមុននោះ លោកព្រឹទ្ធាចារ្យបានមករស់នៅជាមួយកូនស្រីនៅផ្ទះជួលក្រោមការមើលថែទាំពីកូននិងចៅ ហើយមកទីនេះក៏ក្រោយពេលដែលភិរយារបស់លោកព្រឹទ្ធាចារ្យបានទទួលមរណភាពកាលពីជាងមួយឆ្នាំមុននេះ។

ប្រភពបន្តថាក្រោយមរណភាពភ្លាមៗមានសិល្បករមួយចំនួន ពិសេសរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ក៏បានធ្វើដំណើរមកផ្ទាល់ និងចូលបច្ច័យក្នុងពិធីបុណ្យសពនេះផងដែរ។

កន្លងមក្រោយពីទទួលដំណឹងថាលោកតាផ្លុង មឿក ធ្លាក់ខ្លួនឈឺ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌឹត បានចាត់តំណាងឲ្យមកសួរសុខទុក្ខ និងពិនិត្យស្ថានភាពជំងឺជាក់ស្តែងហើយសម្តេចទាំងពីរក៏ធ្លាប់បានជួយឧបត្ថម្ភជាទឹកប្រាក់ចំនួនមួយម៉ឺនដុល្លារ និងប្រាក់ឧបត្ថម្ភជាប្រចាំខែចំនួន៥០ម៉ឺនរៀលក្នុងមួយខែដែលចាប់បើកតាំងពីខែឧសភា ឆ្នាំ២០១៣ មកហើយប្រាក់ឧបត្ថម្ភនេះកូនរបស់គាត់ ក៏បានទៅបើកជាប្រចាំ ។

លោកតាផ្លុង មឿកក៏នៅទទួលបានប្រាក់ចូលនិវត្តន៍មួយចំនួន ពីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ផងដែរ។

គួររំលឹកថាលោកតាផ្លុង មឿកមានវ័យ៨៣ឆ្នាំរូបនេះ ជាអ្នកអាយ៉ៃជើងចាស់ ក្នុងទសវត្សរ៍៧០-៨០ហើយអ្វីដែលលោកតាសម្តែងល្បីជាងគេជាមួយលោកតាសាឡាត់អ្នកចម្រៀងអាយ៉ៃជើងចាស់ដូចគ្នាដែរនោះគឺរឿងកំប្លែងរឿង«តាភោគ» និងយាយខ្លីជាដើមធ្វើឲ្យអ្នកទស្សនាសើចសប្បាយស្ទើរចុកពោះ។

លោកតាក៏ជាអតីតអ្នកបង្ហាត់បង្រៀនសិល្បៈអាយ៉ៃនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់ផងដែរ៕ វឌ្ឍនា


ចែករំលែក៖