ព័ត៌មានទាន់ហេតុការណ៍៖

ប៉ះគ្នាលើកទី២ ផាន់ ផាត់ណា និង សេង មង្គល ជឿជាក់ខ្លាំងក្នុងរឿង “រៃប្តូរទ្រនំ”

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងប្រុសស្រីល្បីឈ្មោះគឺ កញ្ញា ផាន់ ផាត់ណា បានប៉ះគ្នាជាមួយបុរសរូបសង្ហាលោក សេង មង្គល ទៀតហើយក្នុងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍លេខ៥ “រៃប្តូរទ្រនំ” ដោយសន្យានឹងធ្វើឱ្យល្អខ្លាំងជាងរឿងមុន។

ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងពិធីក្រុងពាលីរឿងភាគ “រៃប្តូរទ្រនំ”កាលពីថ្មីៗនេះតារាសម្តែងប្រុសលោក សេង មង្គល បានថ្លែងប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា សម្រាប់រឿងថ្មីនេះតួឯកស្រីកញ្ញា ផាន់ ផាត់ណា ដែលដើរតួជា “នីកា” បានប្រាប់ថា សម្រាប់នេះនាងនឹងយកសមត្ថភាពរបស់នាងទាំងអស់មកបញ្ចេញក្នុងសាច់រឿង “រៃប្តូទ្រនំ” នេះដោយនាងជឿជាក់យ៉ាងខ្លាំងថានាងអាចធ្វើបានមិនឱ្យទស្សនិកជនខកបំណងឡើយ។ សាច់រឿងក៏ប្លែកផងដែរ ដោយសារតែឈុតឆាកស្នេហា មិនសូវសំបូរឡើយ សំបូរឈុតឆាក ឈ្លោះគ្នា បណ្តើមមុខរបបគ្នា កាចកុងគ្នា ហើយជាពិសេសនឹងបង្ហាញឈុតអប់រំ និង តាមបែបព្រះពុទ្ធសាសនផងដែរ។

តួឯកប្រុស វិញ លោក សេង មង្គល បញ្ជាក់ថាលោកតម្រូវឱ្យដើរតួជាកំលោះដែលមានមុខជំនួញ ហើយជាកូនទី២ក្នុងគ្រួសារអ្នកមាន និងពូកែរកស៊ីខ្លាំង។ លោកត្រូវដើរតួមានលក្ខណជាបុគ្គលល្អប្រពៃ និង ឈ្លាសវៃ។ លោកក៏ជាបុរសសង្ហាដែលស្រីៗស្អាតសិចស៊ីជាច្រើនក្នុងរឿងនេះ ដណ្តើមគ្នាចង់បាន ប៉ុន្តែមិនចាប់អារម្មណ៍ឡើយ បែរជាទៅពេញចិត្តតួឯកស្រី ឈ្មោះ “នីកា” (ផាន់ ផាត់ណា) ។ លោកសប្បាយចិត្តនៅពេលដែលអ្នកដឹកនាំថតស្ថានីយទូរទស្សន៍ជ្រើសរើសយកលោក ដឹងថា សាច់រឿងនេះល្អ ហើយយកលោកលេងគឺប្រាកដជាល្អមើលនាពេលខាងមុខនេះ។

គួរបញ្ជាក់ថា តារាសម្តែងពីរដួងនេះ លោក សេង មង្គល និង កញ្ញា ផាន់ ផាត់ណា បានធ្លាប់ប៉ះគ្នាម្តងហើយក្នុងរឿងភាគដែរ គឺ “គ្រាប់បាល់អង្រួនបេះដូង” ដែលធ្លាប់ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។ កញ្ញា ផាន់ ផាត់ណា ជាតារាសម្តែងលេចធ្លោនិងប្រជាប្រិយក្នុងរឿងភាគច្រើន កន្លងមកនាងទទួលបានការថតខ្សែភាពយន្តតាំងដើមមកសរុបចំនួន១៥រឿងមកហើយ។

លោកគ្រូ ស៊ិន សុផាត សមាជិកនៃគណកម្មការដឹកនាំរឿងនៃស្ថានីយទូរទស្សន៍លេខ៥បានបង្ហើបឱ្យដឹងថា សម្រាប់រឿង “រៃប្តូរទ្រនំ” នេះមានឈុតឆាករស់ជាតិប្លែកពីរឿងមុនៗ ដោយរឿងនេះបែបកំសត់ ច្រណែនឈ្នានីសគ្នា ដណ្តើមមុខរបបគ្នា ហើយសាច់រឿងទាំងមូលផ្តោតលើការអប់រំ សីលធម៌ និងព្រះពុទ្ធសាសន៍។ រឿងនេះនឹងធ្វើឱ្យទស្សនិកជនពេញចិត្ត និង ផ្ទុះការគាំទ្រនាពេលខាងមុខនេះ៕ វឌ្ឍនា


ចែករំលែក៖