ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នថ្លែងថា ស្នងការខេត្តសៀមរាបគួរបញ្ឈប់ម្ចាស់អាជីវកម្ម ជួលយានយន្ដឲ្យភ្ញៀវទេសចរណ៍ជិះខ្លួនឯង បង្កឲ្យមានគ្រោះថ្នាក់គ្រប់ពេល

ចែករំលែក៖

ខេត្តសៀមរាប៖ បច្ចុប្បន្នគេសង្កេតឃើញមានភ្ញៀវទេសចរណ៍បរទេស ដែលមកដើរលេងកម្សាន្តនៅខេត្តសៀមរាបមួយចំនួន បានជួលម៉ូតូជិះដើរលេងក្នុងក្រុងសៀមរាប និងជិះទៅមើលប្រាង្គប្រាសាទបុរាណនានា យ៉ាងគគ្រឹកគគ្រេង ដោយគ្មានសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការតាមផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាទាល់តែសោះ ។

លោក ជឹមសុវណ្ណ នាយការិយាល័យចរាចរណ៍ផ្លូវគោគនៃស្នងការនគរបាលខេត្តសៀមរាប ធ្លាប់បានប្រាប់ក្នុងកិច្ចសម្ភាសថា យោងតាមច្បាប់ចរាចរណ៍ផ្លូវគោគនៃព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាត ឲ្យភ្ញៀវទេសចរណ៍បរទេសដែលមកកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ជួលយានយន្តគ្រប់ប្រភេទបើកបរដោយខ្លួនឯងនោះទេ ។ លោក ជឹមសុវណ្ណ បន្តថា មានករណីលើកលែងចំពោះបុគ្គលិកជាជនបរទេស នៃអង្គការជាដៃគូរដ្ឋាភិបាល ឬអង្គការក្រៅរដ្ឋាភិបាល អាចបើកបរដោយខ្លួនឯងបាន ប៉ុន្តែត្រូវមានបណ្ណបើកបរជាលក្ខណៈអន្តរជាតិ ដែលមានសុពលភាពត្រឹមត្រូវ។

នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ជឹមសុវណ្ណ បានប្រាប់តាមទូរស័ព្ទទៀតថា ភ្ញៀវបរទេសដែលជួលម៉ូតូទាំងនោះ ឲ្យតែជួបលោក គឺលោកតែងតែចាប់ឲ្យធ្វើកិច្ចសន្យា តែម្ចាស់អ្នកជួលម៉ូតូនៅតែលួចជួលមិនចេះរាងចាល។ លោក ជឹមសុវណ្ណ បានបន្ថែមថា លោកនឹងលើកករណីនេះនៅក្នុងអង្គប្រជុំ ដើម្បីរាយការណ៍ជូនថ្នាក់លើ។

យោងតាមការឃើញផ្ទាល់ភ្នែកជាក់ស្តែងជារៀងរាល់ថ្ងៃ ពីក្រុមអ្នករត់រ៉ឺម៉ក រត់តាក់ស៊ី និងពលរដ្ឋនៅក្នុងខេត្តសៀមរាប បានឲ្យដឹងថា ភ្ញៀវទេសចរណ៍បរទេស នៅតែជួលម៉ូតូជិះយ៉ាងអនាធិបតេយ្យជារៀងរាល់ពេល ដោយគ្មានការរំខានពីសមត្ថកិច្ចណាទាំងអស់ ។

មតិពលរដ្ឋម្នាក់បានលើកឡើងថា បើខាងសមត្ថកិច្ចពាន់ព័ន្ធ ជាពិសេសខាងប៉ូលិសចរាចរណ៍ មានចេតនាហាមឃាត់ភ្ញៀវបរទេសមិនឲ្យបើកបរដោយខ្លួនឯងមែននោះ វាមិនលំបាកទេ គ្រាន់តែសហការជាមួយខាងអ្នកឆែកសំបុត្រគ្រប់ច្រកចេញ ចូល គឺអាចទប់ស្កាត់បានហើយ ព្រោះម៉ូតូដែលភ្ញៀវជួលទំាងនោះ គ្មានស្លាប់ហោះនោះទេ ។

សូមរំលឹកផងដែរថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានប្រកាសតាមទូរទស្សន៍ក្តែងៗផងដែរ មិនឲ្យភ្ញៀវបរទេសជួលយានយន្តបើកបរដោយខ្លួនឯងទេ បន្ទាប់ពីបរទេសបើកបរបង្កគ្រោះថ្នាក់ចរាចណ៍ផ្ទួនៗ កាលពីឆ្នាំ២០១៨ កន្លងទៅ ។

រីឯកាលពីលោក ឃឹមប៊ុនសុង នៅជាអភិបាលខេត្តសៀមរាប លោកក៏ធ្លាប់បានចេញសេចក្តីជូនដំណឹង (ស.ជ.ណ) ហាមដាច់ខាត មិនឲ្យភ្ញៀវបរទេសជួលយានយន្តបើកបរដោយខ្លួនឯងនោះទេ តែស្ងាត់បានប្រហែលមួយសប្តាហ៍ ស្រាប់តែជួល ព្រោងព្រាតដដែល រហូតមកដល់រាល់ថ្ងៃនេះ។

ពលរដ្ឋនៅខេត្តសៀមរាប ចោទសួរទៅ លោក ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាបថា តើលោកមានដែលបានគិតគូរ ពីបញ្ហាភ្ញៀវទេសចរណ៍បរទេសជួលម៉ូតូបើកបរដោយខ្លួនឯងដែរ ឬទេ? ឬមួយលោក មានភាគហ៊ុនក្នុងមុខជំនួញជួលម៉ូតូឲ្យភ្ញៀវបរទេសនេះដែរឬ បានជាមិនព្រមបញ្ចប់ករណីនេះ?

សូមបញ្ជាក់ថា ការជួលម៉ូតូឲ្យភ្ញៀវបរទេស គឺបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ស្ទើរជារៀងរាល់ថ្ងៃ ហើយម្យ៉ាងវិញទៀត វាមិនស្របទៅនឹងផ្លូវច្បាប់ទៀតផង។

ទាក់ទឹនទៅនឹងរឿងនេះ ពលរដ្នសំណូមពរ ឲ្យ លោក ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាបបញ្ឈប់ម្ចាស់យានយន្ដទាំងអស់កុំឲ្យដាក់ជួលទៅ វាចប់សព្វគ្រប់បាតទៅហើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖