ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះ ឃាត់រថយន្តយីឌុប១គ្រឿង តទ្រុងខុសលក្ខណៈបច្ចេកទេស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កម្លាំងចម្រុះខេត្តកំពង់ឆ្នាំង បានឃាត់រថយន្តប្រភេទយីឌុបមួយគ្រឿង តទ្រុងលើសការកំណត់របស់ច្បាប់ ។ ប្រតិបត្តិការចាប់រថយន្តតទ្រុងនេះ គឺធ្វើឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅស្រុកសាមគ្គីមានជ័យ ។

ការកាត់ទ្រុងរថយន្តនេះ បានពិនិត្យយ៉ាងត្រឹមត្រូវពីលោកគង្គ ឃៀង អនុប្រធានមន្ទីរ តំណាងលោកកែវ ពៅ ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ។

លោក គង្គ ឃៀង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តបានលើកឡើងថា ការអនុវត្តច្បាប់ចំពោះរថយន្ត ដែលតទ្រុងខុសលក្ខណបច្ចេកទេសនេះ បានធ្វើជាប្រចាំ ព្រោះការតទ្រុងរថយន្តនេះ នាំឲ្យមានការដឹកលើសទម្ងន់ ធ្វើឲ្យផ្លូវឆាប់ខូច ដូច្នេះត្រូវតែកាត់ចំពោះរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស ។

ដោយគ្មានករណីលើកលែងនោះទេ តម្រូវឲ្យម្ចាស់ រថយន្តធ្វើកិច្ចសន្យាបញ្ឈប់ ការតទ្រុងដែលខុសលក្ខណៈបច្ចេកទេស ។ ចំពោះរថយន្តដែលតទ្រុង ខុសនិងលក្ខណៈបច្ចេកទេសនេះ ម្ចាស់រថយន្តកាត់ទ្រុងរថយន្តដែលលើសនៅនឹងកន្លែងសមត្ថកិច្ច។

លោកអនុប្រធានមន្ទីរ បានបញ្ជាក់ថា យោងតាមច្បាប់ រថយន្តដែលធ្វើចរាចរណ៍លើដងផ្លូវត្រូវមានប្រវែងបណ្តោយអតិប្បរមានៃរថយន្តនីមួយៗ មិនត្រូវឲ្យលើសពី១២,២០ម៉ែត្រនោះទេ ហើយរថយន្តដែលឃាត់នេះ បានតទ្រុងលើសច្បាប់កំណត់ ០,៧០ម៉ែត្រ ។

លោក គង្គ ឃៀង អំពាវនាវឲ្យម្ចាស់រថយន្តទាំងអស់ ចូលរួមអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនត្រូវធ្វើអ្វីដែលច្បាប់ហាមឃាត់នោះទេ ព្រោះធ្វើឲ្យខាតបង់ពេលវេលា សេដ្ឋកិច្ច ផងដែរ ។

គួរបញ្ជាក់ដែលថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្លាំងចម្រុះរបស់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍បានឃាត់រថយន្តដែលខុស លក្ខណៈច្ចេកទេស បានជាបន្តបន្ទាប់ ដូចជាប្រភេទរថយន្តសាំយ៉ុង១៥កៅអី បានកែច្នៃខុសបទដ្ឋានបច្ចេកទេសដើម និងរថយន្តដឹកទំនិញលើសកម្ពស់ លើសប្រវែងទ្រុង ពេលដែលរកឃើញសមត្ថកិច្ចបានឲ្យម្ចាស់រថយន្តកែតម្រូវភ្លាមៗតែម្តង ៕ ចន្ថា


ចែករំលែក៖