ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួសធ្ងន់ ៣នាក់ ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៣ករណី​ផ្សេងគ្នា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ថ្ងៃទី១៦ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ យ៉ាងហោចបុរសចំនួន ២នាក់បានបាត់បង់ជីវិតភ្លាមៗដ៏រន្ធត់ និងម្នាក់ទៀបានរបួសធ្ងន់ផងដែរ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៣ករណីផ្សេងគ្នា ។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា នៅវេលាម៉ោង៣ និង០៥នាទី រសៀល ថ្ងៃសៅរ៍ ១២កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខវត្តពុទ្ធរង្សី ស្ថិតក្នុងភូមិពុទ្រ្ទាម ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសឈ្មោះ អ៊ុច ទុំ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិដួងជួរ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G 3749 ធ្វើចរាចរណ៍ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតខុសផ្លូវថ្នល់ជ្រុលបុកគល់ឈើ បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗ ដែលករណីនេះ គេអះអាងថា បើកបរល្បឿនលឿនលើសកំណត់ ខណៈខ្លួនសេពគ្រឿងស្រវឹងជោកជាំ ។

ប្រភពពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ឯនេះវិញ បានឲ្យដឹងដែរថា នៅវេលាម៉ោង៩ និង៣០នាទី យប់ថ្ងៃដដែលនោះ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៤ លេខ១៨៥ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយផងដែរ ដោយបុរសម្នាក់ឈ្មោះ យ៉ែម ស៊ីវ៉េន ភេទប្រុស អាយុ ២៤ឆ្នាំ ជាមន្រ្តីអគ្គិសនី មានទីលំនៅភូមិ.ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក សុីទ័រ ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 1 7778 ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ត ១គ្រឿង (បើករត់គេចបាត់) បន្សល់នូវជនរងរបួសធ្ងន់ រលាត់ដៃជើង បែកក្បាល និងបាកជើងខាងស្ដាំ ។

ដោយឡែក៖ ប្រភពពីផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកបាកានវិញ ក៏បានឲ្យដឹងទៀតថា នៅវេលាម៉ោង១២ និង០៥នាទី ថ្ងៃត្រង់ ថ្ងៃអាទិត្យ ១៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៤ លេខ២០៥ ស្ថិតក្នុងភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ ដោយអ្នកបើកបររថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2J 8835 ឈ្មោះ ឆាយ មិនា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ (រត់គេច) ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុ បានបុកអ្នកជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេរីចាស់ ពណ៌ព្រីងទុំ ឈ្មោះ វាំង សំណាង ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកំពុងជិះឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងរន្ធត់តែម្ដង ។

ប្រភពព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ទាំងបីករណីខាងលើបញ្ជាក់បន្ថែមទៀតថា រយៈពេលត្រឹមតែថ្ងៃធ្វើឲ្យមានមនុស្សស្លាប់ដល់ទៅ ២នាក់ និងរងរបួសធ្ងន់ម្នាក់ និងខូចខាតទ្រព្យសម្បត្តិមធ្យោបាយធ្វើដំណើរផងដែរ ហើយករណីនេះសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីយ៉ាងយកចិត្តទុកដាក់នៅឡើយ ៕ ប៉ឹម ពិន


ចែករំលែក៖