ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោករដ្ឋមន្ត្រី លឹម គានហោ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានជួយដោះស្រាយទឹកប្រើប្រាស់ នៅក្នុងពន្ធនាគារខេត្តព្រះវិហារ ដែលកំពុងតែជួបការខ្វះខាតទឹកជាខ្លាំង ។

ការថ្លែងនូវការដឹងគុណខាងលើនេះ ធ្វើឡើងក្នុងពេលដែលលោកអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពជុំវិញខេត្ត ចុះទៅកាន់ពន្ធនាគារខេត្តព្រះវិហារ ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ ដើម្បីពិនិត្យការខួងអណ្តូងទឹកដែលជាអំណោយរបស់លោករដ្ឋមន្ត្រី លឹម គានហោ សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃនៅទីនោះ ។ ទន្ទឹមនឹងការផ្តល់អណ្តូងទឹក លោករដ្ឋមន្ត្រី ក៏បានបញ្ជាឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បញ្ចេញរថយន្តដឹកទឹកដែលក្រសួងបានផ្តល់ឲ្យនាពេលកន្លងមក ដឹកជញ្ជូនទឹកជាប្រចាំ ទៅកាន់ពន្ធនាគារខេត្ត សម្រាប់ផ្គត់ផ្គង់ឲ្យការប្រើប្រាស់ជាបណ្តោះអាសន្ន រហូតដល់អណ្តូងទឹកធ្វើរួច ។

ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា ក្នុងនាមអាជ្ញាធរខេត្តព្រះវិហារ ក៏បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់របស់ក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរក្រោមឱវាទ ដែលជានិច្ចកាលតែងតែគិតគូរ និងចូលរួមជួយដល់ខេត្តព្រះវិហារ ក្នុងនោះមានទាំងការអភិវឌ្ឍលើវិស័យធនធានទឹក និងការផ្តល់ជំនួយសប្បុរសធម៌ដល់ប្រជាពលរដ្ឋ និងកងទ័ពដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ៕ សុខ ខេមរា


ចែករំលែក៖