ខេត្តបន្ទាយមានជ័យ៖ ម៉ូតូចំនួន២០គ្រឿង និងបុរស២នាក់ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែតបញ្ជូនទៅស្នងការខេត្តដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីរថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៩ ក្រោយពីទួលពាក្យបណ្ដឹងពីឈ្មោះ ឆេង សុខឃី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះមានទីលំនៅភូមិអូរបីជាន់ ឃុំអរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ប្តឹងឈ្មោះ កែវ សុភាព ហៅញឹប ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលើកមាន់មានទីលំនៅភូមិថ្នល់បត់ ឃុំអរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថា កាលពីថ្ងៃ៥ ខែកុម្ភៈ ២០១៩ ឈ្មោះកែវ សុភាព ហៅញឹប បានយកម៉ូតូកូនប្រុសគាត់ម៉ាកនិច ពណ៌សទៅ ដាក់បញ្ចាំនៅរង្វង់មូលកាសុីណូ បានលុយចំនួន១២០០០បាត(មួយមុឺនពីរពាន់បាត) គេបញ្ចាំបានរយះពេល០៣ថ្ងៃ គេទៅសុំលក់ផ្តាច់ ហើយអ្នកទទួលថែមលុយអោយគេ៥០០០បាតទៀត ។
លោកអធិការក្រុងប៉ោយប៉ែត ធិន ស៊ិនដេត បញ្ជាក់ថា នៅថ្ងៃទី១៥ កុម្ភៈ ២០១៩ ជនឈ្មោះកែវ សុភាព ហៅញឹបទៅប្រាប់មីងម្ចាស់ម៉ូតូថា ម៉ូតូនោះគេលក់ដាច់ហើយ ហើយឈ្មោះកែវ សុភាព ហៅញឹប ក៏ជូនម្ចាស់ម៉ូតូ និងសមត្ថកិច្ចទៅផ្ទះទទួលបញ្ចាំឈ្មោះសាន រ៉ានី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាត់ខ្មែរ មុខរបរបុគ្គលិកទទួលបញ្ចាំ ឋិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ហើយនៅក្នុងផ្ទះឃើញមានម៉ូតូជាច្រើនគ្រឿង រួចសួរនាំឈ្មោះ សាន រ៉ានី ឆ្លើយថា ជាម៉ូតូដែលគេដាក់បញ្ចាំ និងបានដកហូតម៉ូតូចំនួន២០គ្រឿង ឃាត់មនុស្សចំនួន២នាក់ ១ ឈ្មោះ កែវ សុភាព ហៅញឹប ភេទប្រុស អាយុ២០ឆ្នាំ អ្នកយកម៉ូតូគេទៅបញ្ចាំ ក្រោយមកលក់ផ្តាច់ ។ ២ឈ្មោះ សាន រ៉ានី ភេទប្រុស អាយុ៣៥ឆ្នាំ ជាម្ចាស់ទីតាំងទទួលបញ្ចាំ ។
ពេលនេះជនទាំង២នាក់ខាងលើក្រោយពីឃាត់ខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរួចរាល់ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រូវបញ្ជូនទៅស្នងការខេត្តដើម្បីអនុវត្តន៍ទោសតាមផ្លូវច្បាប់ ។ ចំណែកម៉ូតូ២០គ្រឿង លោកអធិការបញ្ជាក់ថា បញ្ជូនទៅស្នងការនៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៩ ៕ វណ្ណា