ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចការពារព្រំដែនកម្ពុជា និងសមត្ថកិច្ចការពារព្រំដែនថៃ ប្រឈមមុខតានតឹងដាក់គ្នា នៅពេលសមត្ថកិច្ចថៃ យកត្រាក់ទ័របម្រុងឈូសឆាយដំឡូងមីរបស់កសិករខ្មែរ នៅតំបន់បន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ កម្ពុជា ឈមនឹងខេត្តស្រះកែវ ប្រទេសថៃ ។
សភាពការណ៍តានតឹងដាក់គ្នារវាងសមត្ថកិច្ចកម្ពុជា នឹងថៃបានធូរស្រាលឡើងវិញ ក្រោយសមត្ថកិច្ចទាំង២ បានឯកភាពគ្នា ឲ្យកសិករខ្មែរដកដំឡូងមីចេញពីទីនោះ ។
ពលរដ្ឋខ្មែរ២គ្រួសារ បានបង្ខំចិត្តដកដំឡូងមីទាំងមើមមិនទាន់ដាក់ម្សៅ ខណៈដែលប៉ូលិសការពារព្រំដែន ថៃកងរយលេខ១២៦ មានគ្នាប្រមាណប២៩នាក់ បានយកត្រាក់ទ័រ១គ្រឿង បម្រុងឈូសឆាយកំទេចចោល ដោយប៉ូលីសថៃ ចោទពលរដ្ឋខ្មែរនោះថា បានដាំដំឡូងមីលើដីបន្ទាត់ព្រំដែនមិនទាន់ច្បាស់លាស់ ខណៈនោះ គេឃើញមាននគរបាលការពារព្រំដែនលេខ៩១១ និងយោធាការពារព្រំដែនលេខ៥០៣ របស់កម្ពុជាប្រមាណ១៥នាក់ បានចុះទៅរារាំងមិនឲ្យប៉ូលីសថៃ យកត្រាក់ទ័រទៅឈូសឆាយដំឡូងមី ពលរដ្ឋខ្មែរនោះឡើយ ។
ការប្រឈមតានដាក់គ្នារវាងសមត្ថកិច្ចព្រំដែនកម្ពុជា នឹងថៃបានធូរស្បើយមកវិញ ដោយភាគីទាំង២ជជែករកដំណោះស្រាយលើស្មារតីយោគយល់គ្នា ដោយឯកភាពតម្រូវឲ្យពលរដ្ឋខ្មែរ ដកដំឡូងមីនោះចោល ហើយកសិករខ្មែរ ក៏បានយល់ព្រមដកដំឡូងមីនោះចោលមិនឲ្យលើសពីមួយអាទិត្យនោះឡើយ ។
បញ្ហានេះដោយ មុនដំដូងសមត្ថកិច្ចថៃទាមទារ កសិករខ្មែរដកដំឡូងមីចោលជម្រៅ១៥០ម៉ែត្រ ប្រវែង៥៥០ម៉ែត្រ តាមផ្លូវគ្រួសក្រហម ដែលកសាងឡើងដោយអតីតកងទ័ពប៉ារ៉ា ក្រោយមក បានឯកភាពគ្នា ឲ្យដកជម្រៅ៥០ម៉ែត្រ ប្រវែងបណ្តោយ៥៥០ម៉ែត្រ ។
ហេតុការណ៍នោះ កើតឡើងកាលពីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលសីម៉ា លេខ៤២ និង៤៣ ក្នុងភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឈមទឹកដីថៃភូមិណងយ៉ាកែវ ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទសថៃ ។
ជុំវិញបញ្ហានេះ បើតាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចកម្ពុជា នៅជួរមុខប្រាប់ឲ្យដឹងថា ពលរដ្ឋខ្មែរដែលបានទៅដាំដំឡូងមី មានបញ្ហានៅលើដីជាប់ព្រំដែនកម្ពុជា-ថៃ មានចំនួន២គ្រួសារ ពួកគាត់រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ពួកគាត់ដាំដុះដំឡូងមីផ្ទៃដីប្រមាណ៦ហិកតា ។
បញ្ហានោះផងដែរ សមត្ថកិច្ចថៃគេបានមកជួបជជែកជាមួយសមត្ថកិច្ចកម្ពុជា២លើកមកហើយ សុំឲ្យកសិករខ្មែរដកដំឡូងមីនោះចោល នៅចំណុចបន្ទាត់ព្រំដែនមិនទាន់ឯកភាពគ្នា ដោយសុំរក្សាទុកទ្រង់ទ្រាយដើម មិនឲ្យមានប្រែប្រួល ឬការឈូសឆាយព្រៃនៅតាមបន្ទាត់ព្រំដែននោះឡើយ ។ យោងតាមអនុស្សរណៈយោគយល់គ្នា រវាងកម្ពុជា នឹងថៃ បញ្ហាព្រំដែនមិនទាន់ច្បាស់លាស់ ទុកឲ្យគណៈកម្មការព្រំដែន ប្រទេសទាំង២ជាអ្នកដោះស្រាយ ។
សមត្ថកិច្ចកម្ពុជាធ្លាប់បានទៅប្រាប់កសិករ ខ្មែរទាំង២គ្រួសារនោះរួចមកហើយ បើឈូសឆាយដីដាំដំឡូងមី គឺសុំរក្សាទុកព្រៃខ្លះ កុំឲ្យភាគីថៃគេរករឿង ប៉ុន្តែក្រោយមកឃើញកសិករខ្មែរបានទៅឈូសឆាយព្រៃអស់ទាំងស្រុង រ៉បនឹងផ្លូវគ្រួសក្រហម ។
បើតាមការបញ្ជាក់ឲ្យដឹងពីកសិករខ្មែរ ដែលបានដំាដំឡូងមីនៅតំបន់ព្រំដែនមានបញ្ហាចម្រូងចម្រាស់ឲ្យដឹងថា ការដាំដុះដំឡូងមីពួកគាត់ធ្វើយូរមកហើយ ទើបតែរយៈពេលដើមខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចថៃ គេបានរករឿងឲ្យពួកគាត់ ដកដំឡូងមីនោះចោល ។
ការប្រកបមុខរបរដាំដំឡូង ពួកគាត់ខ្ចីចងការប្រាក់ពីធនាគារ បើតម្រូវឲ្យមានការដកដំឡូងបែបនោះ ពួកគាត់ប្រឈមគ្មានប្រាក់សងធនាគារ ដោយសារដំឡូងត្រូវដកនៅមើមតូចៗ មិនទាន់ដាក់ម្សៅនោះទេ ។ ពួកគាត់ហួសចិត្តថា មិនគួរសោះ ដាំដុះលើដីខ្មែរ ត្រូវថៃគេមកហាមឃាត់ទៅវិញ? ៕ សំ វិច្ឆិកា