ភ្នំពេញ៖ កងរាជអាវុធហត្ថការិយាល័យ ជំនាញ និងស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌរាជធានីភ្នំពេញ បញ្ជូនចោរឆក់ ០២នាក់ ទៅព្រៃស តាមការសម្រេចរបស់ដីកា តុលាការ នៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៩ ។
ជនជាប់ចោទទី១.ឈ្មោះ ទេព មេត្តា ហៅប្រុស អាយុ ៣០ឆ្នាំ និងទី២.ឈ្មោះ ឡាយ ប៉ក់ ១៩ឆ្នាំ។
ពួកគេទាំង ០២នាក់ ខាងលើ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនបានកាលពីម៉ោងជិត១០យប់ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៩ ចំណុចមុខហាងម៉ាស្សា Golden Spa ផ្លូវរដ្ឋសភាថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីពួកគេ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរលើដងផ្លូវ។
តាមស្តាប់ចម្លើយសារភាព ពួកគេទាំង ០២នាក់ បានប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា កន្លងមកពួកគេ ធ្លាប់ធ្វើសកម្មភាពឆក់ ទៅលើជនជាតិចិន ០៤លើក រួចមកហើយ ដោយប្រើម៉ូតូ ០១គ្រឿង ម៉ាក ស្មាសវី ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 1I-7456។
លើកទី១ ដើមខែមករា ឆ្នាំ២០១៩ ម៉ោងប្រហែល០៩យប់ ឆក់បានទូរស័ព្ទដៃ ០១គ្រឿង មិនចាំម៉ាក នៅចំណុច ម្តុំផ្សារកុងទឺន័រ ជិតស្ថានទូតរុស្ស៊ី យកទៅលក់នៅម្តុំផ្សារកណ្តាល បានតម្លៃ ៤០ដុល្លារ ។ លើកទី២ ក្នុងអំឡុងខែមករា ឆ្នាំ២០១៩ ម៉ោងប្រហែល១០យប់ នៅចំណុចជិតស្ថានទូតរុស្ស៊ី ឆក់បានទូរស័ព្ទដៃ ០១គ្រឿង មិនស្គាល់ម៉ាក យកទៅលក់ឲ្យកម្មករសំណង់ម្នាក់ បានតម្លៃ ៣០ដុល្លារ អាមេរិក។ លើកទី៣ ចុងខែមករា ឆ្នាំ២០១៩ ម៉ោងប្រហែល០៩យប់ នៅចំណុចម្តុំក្រោយស្ថានទូតរុស្ស៊ី ឆក់បានទូរស័ព្ទ ០១គ្រឿង មិនចាំម៉ាក យកទៅលក់ឲ្យកម្មករសំណង់ បានតម្លៃ ៤០ដុល្លារអាមេរិក ។ លើកទី៤ ក្នុងអំឡុងដើមខែកុម្ភ: ឆ្នាំ២០១៩ ម៉ោងប្រហែល០៨យប់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិចិនម្នាក់ តែពុំបានសម្រេច ដោយសារជនរងគ្រោះដឹងខ្លួនទាន់។
លុះរហូតដល់ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៩ ម៉ោង១០យប់ បន្ទាប់ពីពួកគេ បានចេញពីកន្លែងផឹកស៊ី ជិះម៉ូតូដល់មុខក្លឹបមួយកន្លែងខាងលិចកោះពេជ្រ បានឃើញជនជាតិចិនម្នាក់ កំពុងឈរចុចទូរស័ព្ទ ឃើញឱកាសល្អ ពួកខ្លួនបានជិះម៉ូតូទៅក្បែរ ហើយធ្វើសកម្មភាពឆក់តែម្តង ពេលនោះស្រាប់តែមានកម្លាំងអាវុធហត្ថ ដែលល្បាតក្នុងភូមិសាស្រ្តនោះ ឃើញក៏ប្រដេញស្ទាក់ឃាត់ខ្លួនទាំង ០២នាក់ ៕ ជ្រោយពេជ្រ