ព័ត៌មានទាន់ហេតុការណ៍៖

លួចគេបានគ្រាន់ ពេលគេទាន់ ជាប់ខ្នោះរបស់សមត្ថកិច្ច ល្មម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាល ក្រាំងធ្នង់ ក្រោយពីរូបគេបានធ្វើសកម្មភាពលួច យកទូរស័ព្ទដៃពីកូនស្រីរបស់ជនរងគ្រោះកំពុងកាន់លេងហ្គេម ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះល្វែងសង់ថ្មី ផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទៀង ស៊ីថា ហៅស៊ីថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុក សឿន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវ បេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

សម្ភារដកហូតទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ខ្មៅ មានស៊ីមលេខ០៩៦ ៦៣ ៩៦ ០៣០ និងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខ 1CQ.1800 ។

ប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ក្រាំងធ្នង់បានឲ្យដឹងទៀតថា៖ នៅមុនពេលកើតហេតុជនរងគ្រោះបានឲ្យទូរស័ព្ទដៃទៅកូនស្រីលេងហ្គេម រួចជនរងគ្រោះបានដើរចូលទៅធ្វើការ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូមកឃើញកូនស្រីជនរងគ្រោះកំពុងកាន់ទូរស័ព្ទលេងហ្គេម ក៏ធ្វើសកម្មភាពប្រើដៃឆ្វេងចាប់យកទូរស័ព្ទបានសម្រេចហើយបម្រុងជិះរត់គេចខ្លួន តែក៏ត្រូវបានជនរងគ្រោះឃើញស្រែកថា ចោរៗ ភ្លាមនោះ កម្លាំងល្បាត ទៅដល់ក៏ឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖