ខេត្តឧត្ដរមានជ័យ៖ អាជីវកម្មបូមខ្សាច់ អត់ច្បាប់មួយកន្លែង នៅភូមិត្រពាំងវែង សង្កាត់កូនគ្រាល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ សង្ស័យ មានការបើកភ្លើងខៀវ និងត្រូវរ៉ូវគ្នាជាមួយលោក ភុន ឡែន ប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តឧត្ដរមានជ័យ ។
ប្រភពបានបង្ហើបឲ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ថា ម្ចាស់អាជីវកម្មបូមខ្សាច់ឈ្មោះ ស្រឿង ខន បានធ្វើអាជីវកម្មបូមខ្សាច់ នៅតំបន់ខាងលើនេះ ច្រើនឆ្នាំមកហើយ ដោយគ្មានច្បាប់ធ្វើអាជីវកម្ម និងមានការអនុញ្ញាត ពីក្រសួងរ៉ែ និងថាមពលនោះឡើយ ។
ប្រភពបានបន្តរថា ការធ្វើអាជីវកម្មបូមខ្សាច់អត់ច្បាប់របស់ឈ្មោះ ស្រឿង ខន នេះបើមិនត្រូវរ៉ូវ និងមិនមានផលប្រយោជន៍ ដល់លោក ភុន ឡែន ប្រធានមន្ទីរ រ៉ែ និងថាមពល ទេនោះ គឺមិនអាចប្រព្រឹត្តទៅបានរាប់ឆ្នាំ រលូនរហូតមកដល់សព្ទ័ថ្ងៃនេះឡើយ ។
ជុំវិញករណីខាងលើលោក ភុន ឡែន ប្រធានមន្ទីរ រ៉ែ និងថាមពល មិនអាចបញ្ជាក់បានទេថា នៅក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ មានអាជីវកម្មចំនួនប៉ុន្មាននោះទេ គ្រាន់តែលោកប្រាប់ថា មានច្រើនកន្លែង និងមានច្បាប់ខ្លះ និងអត់ច្បាប់ខ្លះ ៕ ប៉ែន នួន