ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ញៀនល្បែងខ្លាំងពេក លួចម៉ូតូអ្នកស្នាក់នៅបន្ទប់ខុនដូ ជាមួយគ្នា យកទៅបញ្ចាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ញៀនល្បែងខ្លាំងពេក ដាច់លុយលួចម៉ូតូអ្នក ស្នាក់នៅបន្ទប់ខុនដូ​ជាមួយគ្នាយកទៅបញ្ចាំលេងល្បែងចាញ់អស់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចខុនដូមួយកន្លែង​ ស្ថិតនៅតាមផ្លូវ៤៤៤ ស្ថិតនៅភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខៀវ រិទ្ធដាណា អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅខុនដូជាមួយគ្នាជាន់ទី២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន​ និងមានស្រុកកំណើត នៅ​សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ ចំណែក ជនរងគ្រោះមានឈ្មោះ ចាន់ វិជ្ជរ៉ា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅខុនដូរជាន់ទី៦ តាមផ្លូវ៤៤៤ ស្ថិតនៅភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ភ្នំពេញ ​។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មាននារីរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយទុកម៉ូតូម៉ាកហុងដា ZOOMER-X ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1FL-3878 នៅជាន់ផ្ទាល់ដីហើយបាត់ តែមិនដឹងថាចោរលួចនៅថ្ងៃណាទេ ដោយសារគាត់មានអការមិនស្រួលខ្លួន មិនបានជិះម៉ូតូទៅធ្វើការក្រោយមក ក៏សមត្ថកិច្ចចុះត្រួតពិនិត្យ កន្លែងកើតហេតុរួចក៏ទទួលពាក្យបណ្ដឹងជនរងគ្រោះ។

សមត្ថកិច្ចបន្តថា ​ក្រោយពីចុះស្រាវជ្រាវ និងមើលកាមេរ៉ាសុវត្ថិភាពនៅខុនដូ បានបង្ហាញពីសកម្មភាព នារីជនសង្ស័យ ដែលជាអ្នកស្នាក់នៅក្នុងខុនដូ ដូចគ្នា ជាអ្នកបើកម៉ូតូ ZOOMER-X យកចេញទៅ និងសាកសួរនាំសាក្សីសន្តិសុខ ដែលយាមនៅខុនដូរហូតមក ដល់ម៉ោង៥និង៣០នាទីល្ងាច​ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះបានចាប់នារីជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលទំពូង២ និងស្នើឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ចសាកសួរនាំនារីនារីដែលជាជនសង្ស័យនោះ បានឆ្លើយសារភាពថា មកពីខ្លួនអត់លុយចាយ ព្រោះចាញ់ល្បែងខ្លាំងពេក ក៏ឃើញជនរងគ្រោះដេក មិនចេញពីបន្ទប់​ណាមួយសន្តិសុខនៅខុនដូផ្លាស់ប្ដូរថ្មី ទើបនាងហៅជាងសោម៉ូតូ មកចំលងសោថ្មី ក្រោយពីជាងចំលងសោរួច នាងបើកម៉ូតូអ្នករងគ្រោះយកទៅដាក់បញ្ចាំ ក្នុងតំលៃ៦០០ដុល្លារ ហើយយកទៅលេងល្បែងទៀត លុះចាញ់ខ្ទេចអស់​ ហើយក៏មិនដឹងគេចខ្លួនទៅណារួច ក៏ត្រឡប់ចូលទៅខុនដូវិញ កុំឲ្យគេសង្ស័យ តែរហូតមកដល់ថ្ងៃកើតហេតុ ទើបនារីរងគ្រោះ​ មកឃាត់ខ្លួននាងប្រគល់អោយសមត្ថកិច្ចតែម្ដង។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីជនរងគ្រោះបានឃាត់ខ្លួន ដោយភ័យខ្លាចជាប់គុក រូបនាងក៏ឲ្យក្រុមគ្រួសារយកលុយ ទៅលស់ ម៉ូតូចេញពីកន្លែងបញ្ចាំវិញ រួចប្រគល់ម៉ូតូឲ្យម្ចាស់គេវិញហើយ​ ដើម្បីឲ្យជនរងគ្រោះដកពាក្យបណ្ដឹង តែយ៉ាងណាក៏ដោយ ទោះជាជនរងគ្រោះបានម៉ូតូវិញ ក៏សមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលទំពូង២ នៅតែឃាត់ខ្លួននារីរូបនេះ ពីបទលួចម៉ូតូដដែល​។

បច្ចុប្បន្ននារីសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលទំពូង២ កសាងសំណុំរឿង​ បញ្ជូលទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖