ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូបោះពួយល្បឿនលឿន បុកគូថរ៉ឺម៉កម៉ូតូពីក្រោយ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ទទួលរងរបួសធ្ងន់ ខណៈបើកបរម៉ូតូបោះពួយល្បឿនលឿន ឈប់មិនទាន់ បានជ្រុលទៅបុកគូថរ៉ឺម៉ក ម៉ូតូពេញមួយទំហឹង ដែលធ្វើដំណើរស្របទិសគ្នា នៅវេលាម៉ោង១៨និង៥០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ប៉ូលិសចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ ស្រ៊ បូ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល (រងរបួសធ្ងន់បាក់ជើង) បើកបរម៉ូតូម៉ាកសង់កូរ៉េ ស៊ីទី ធុនសេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល 1T- 5622 ។ ចំណែកឯម៉ូតូមួយគ្រឿងទៀតម៉ាកសង់កូរ៉េធុនសេ១០០ ប្រភេទម៉ូតូសណ្ដោងរ៉ឺម៉ក រ៉ឺម៉កពណ៌ខៀវ អត់ស្លាកលេខ បើកបរដោយឈ្មោះ ហៃ សឿ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះបើកបរម៉ូតូបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅត្បូងទៅជើង ដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏ឈប់មិនទាន់បានជ្រុលទៅបុករ៉ឺម៉កម៉ូតូពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូបុកគូថរ៉ឺម៉កទទួលរងរបួសធ្ងន់ (បាក់ជើង) ។ ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់កើតឡើង ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅប្រទេសវៀតណាម ។ ចំណែកមធ្យោបាយពាក់ព័ន្ធត្រូវបានប៉ូលិសជំនាញចរាចរណ៍ចុះធ្វើការវាស់វែង និងកសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការសន្និដ្ឋានរបស់ប៉ូលិសជំនាញបានឲ្យដឹងថា ករណីនេះបង្កឡើងដោយ អ្នកបើកបរម៉ូតូម៉ាកស៊ីទី ពាក់ស្លាកលេខ កណ្ដាល 1T- 5622 បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានទៅបុកកន្ទុយរ៉ឺម៉កខាងក្រោយ ផ្នែកខាងឆ្វេង ។ ចំណែកអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ធ្វេសប្រហែស មិនដាក់ភ្លើងបំភ្លឺ មុខក្រោយឲ្យគេដឹង ៕ ស្អាងជ័យ


ចែករំលែក៖