ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសាំយ៉ុងក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យដួលរលំអស់មួយកង់ ចំណែករថយន្តរងការខូចខាត ម្ចាស់រងរបួសបែកមុខ បែកមាត់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខក្រសួងធនធានទឹក តាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេសាប ខណ្ឌចំកាមន ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក សាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2R7617 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យ បាក់ដួលរលំអស់មួយកង់ ចំណែកម្ចាស់បោកក្បាលទៅរថយន្តរងរបួសបែកមុខ បែកមាត់ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ