ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដសង្គ្រោះបន្ទាន់បុកជាមួយរថយន្ដ Rush បណ្ដាលឲ្យម្ខាងក្រឡាប់ផ្ងារជើងរងរបួសធ្ងន់អ្នកជំងឺម្នាក់ និងម្ខាងទៀតធ្លាក់ប្រឡាយ

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដសង្គ្រោះបន្ទាន់មួយគ្រឿងបានដឹកអ្នកជំងឺយកទៅសង្គ្រោះ ស្រាប់តែបុកជាមួយនឹងរថយន្តស៊េរីទំនើបមួយគ្រឿងទៀត បណ្ដាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀង ឯរថយន្តស៊េរីទំនើបរេចង្កូតធ្លាក់ប្រឡាយរងការខូចខាត ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១០ និង៣០យប់ ថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង៥០ម៉ែត្រ កែងផ្លូវព្រៃស ក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ដស៊េរីទំនើបម៉ាកRush ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AX-9670 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ៣នាក់ទៀត ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដសង្គ្រោះបន្ទាន់មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ រដ្ឋ12 2-0748 ដោយដឹកអ្នកជំងឺ យកទៅមន្ទីរពេទ្យ រួមទាំងអ្នកកំដរ២នាក់ទៀត ក៏បានធ្វើដំណើរពីកើតទៅលិច (បញ្ច្រាសគ្នា) ក្នុងល្បឿនលឿនដូចគ្នា ហើយពេលនោះក៏បានបុកបញ្ឆិតពីមុខ ពីចំហៀងរថយន្ដ បណ្ដាលឲ្យរថយន្ដសាមុយក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យអ្នកជំងឺម្នាក់ នៅក្នុងរថយន្ដរងរបួសធ្ងន់ ចំណែកឯរថយន្ដទំនើបម៉ាក Rush រេចង្កូតធ្លាក់ប្រឡាយ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ ។

ក្រោយកើតហេតុភ្លាមៗ អ្នកជំងឺជាជនរងគ្រោះត្រូវខាងរថយន្ដសង្គ្រោះបន្ទាន់មួយគ្រឿងទៀត ដឹកយកទៅសង្គ្រោះឯមន្ទីរពេទ្យ ។ បន្ទាប់ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងបានវាស់វែងយករថយន្ដទាំង២គ្រឿង យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំភាគីចូលខ្លួនដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖