ភ្នំពេញ៖ ជនសង្ស័យជាសន្តិសុខក្រុមហ៊ុនខុនដូ យូអេស ៩៩៩ម្នាក់ បានទិញថ្នាំញៀន២ម៉ឺនរៀលយកមកប្រើប្រាស់ រួចអង្គុយយាមនៅក្នុងខុនដូសុខៗ ស្រាប់តែឮអ្នកក្បែរខាងថា ចាប់យកទៅពិនិត្យទឹកនោម ភ័យស្លន់ស្លោ រត់ឡើងខុនដូ យូអេស ៩៩៩ ជាន់ទី៧ ចូលបន្ទប់៧០២ ត្រូវបានម្ចាស់គេឃើញទាន់ ចាប់ខ្លូនប្រគល់ឲ្យសមត្ថកិច្ច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចអាគារ ខុនដូ យូអេស ៩៩៩ជាន់ទី៧ បន្ទប់លេខ៧០២ តាមបណ្តោយផ្លូវ៥៩២ កែងនិងផ្លូវ៥៩៥ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
ជនសង្ស័យមានឈ្មោះ វណ្ណ ចាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខរបស់ក្រុមហ៊ុន ខុនដូ យូអេស ៩៩៩ ស្នាក់នៅម្តុំវិមានឯករាជ្យ មានស្រុកកំណើត ឃុំល្វេរ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
បើតាមសម្តីស្ត្រីម្នាក់ជាម្ចាស់បន្ទប់បានឲ្យដឹងថា មុនកើតហេតុ រូបគាត់ចូលដេកក្នុងបន្ទប់ជាធម្មតា លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែសំឡេងជនសង្ស័យស្រែកឡូឡា និងមក គោះបន្ទប់ ស្រាប់តែគាត់លឺបានដើរមកបើកទ្វារមើល ឃើញជនសង្ស័យបម្រុងរត់ចូលក្នុងបន្ទប់របស់គាត់ ធ្វើឲ្យមានការផ្អើលឆោឡោដល់បន្ទប់ជិតខាងចេញមកអន្តរាគមន៍ឃាត់ខ្លួន និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។
បើតាមចម្លើយរបស់ជនសង្ស័យបានប្រាប់ថា រូបគេយាមវេនថ្ងៃ ចូលម៉ោង១២ថ្ងែត្រង់ ចេញវិញម៉ោង១០យប់ ហើយរូបគេធ្លាប់ប្រើប្រាស់ថ្នាំញៀនយូរមកហើយ តែក្រោយរយៈពេលប៉ុន្មានថ្ងៃនេះ រូបគេមិនបានប្រើប្រាស់នោះទេ ធ្វើឲ្យរូបគេឃ្លាន ទើបសម្រេចចិត្តទិញថ្នាំញៀនពីអ្នកស្គាល់គ្នាម្នាក់ ក្នុងតម្លៃ២ម៉ឺនរៀល យកមកប្រើប្រាស់ មុនពេលចូលយាម បន្ទាប់ពីបានប្រើប្រាស់អស់ហើយ ក៏បានមកយាមដូចធម្មតា លុះដល់ម៉ោងចេញរូបគេ មិនបានចេញទៅផ្ទះទេ បាននៅអង្គុយលេងទីនោះស្រាប់តែឮសំឡេង អ្នកក្បែរខាង ថា ចាប់វាយកទៅពិនិត្យទឹកនោម ធ្វើឲ្យរូបគេលឺដូច្នោះ មានការភ័យស្លន់ស្លោ និងបែកថ្នាំផង ក៏ចេះតែរត់យកតែរួចខ្លួនទៅ ស្រាប់តែរត់ឡើងដល់ជាន់ទី៧ បន្ទប់លេខ៧០២ បម្រុងចូលឲ្យគេជួយ ម្ចាស់បន្ទាប់គេឃើញឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួន មកសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់២ និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមនីតិវិធី ៕ ភារ៉ា ដង្កោ