ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ ជីវិតយ៉ាងអាណោចអាធ័ម ក្រោយក្រុមគ្រួសារព្យាយាម បញ្ជូនទៅសង្រ្គោះរហូតដល់ មន្ទីរពេទ្យឯរាជធានី ភ្នំពេញ និងម្នាក់ទៀត បានរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យនូវឡើយ ក្នុងករណីហិង្សាដោយចេតនា មួយ នៅគ្រាមានទំនាស់ពាក្យសម្ដីគ្នា រឿងជំពាក់លុយ៧០០០រៀល។
ហេតុការណ៍ឃាតកម្មបណ្ដាលឲ្យ មានមនុស្សស្លាប់ និងរងរបួសខាងលើ បានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៧យប់ ថ្ងៃចន្ទ ១៤ កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងព្រៃរនាមដាច់ស្រយាល មាត់បឹងទន្លេសាប ត្រង់ចំណុចលាបភេ ភូមិកំពង់ឡរ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ពោធិ៍សាត់បានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់) ឈ្មោះ ម៉ក់ ឡុញ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅចំណុចកើតហេតុ (នេសាទត្រី) មានទីលំនៅភូមិ កំពង់ឡរ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រងរបួសលើផ្ទៃមុខផ្នែកខាង ឆ្វេង ហើយបានស្លាប់នៅមន្ទីរពេទ្យ ឯរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែកុម្ភៈ និងម្នាក់ទៀតឈ្មោះ ជិន ជឿន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅចំណុចកើតហេតុ (នេសាទត្រី) ជាមួយគ្នា មានទីលំនៅភូមិ.ឃុំជាមួយគ្នា បានរបួសដៃ ១កាំបិត និងជើង ១កាំបិត កំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យនៅឡើយ ។
ប្រភពព័ត៌មានខាងលើបន្តថា ករណីហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស (ស្លាប់) នេះ បង្កឡើងដោយជនសង្ស័យ ឈ្មោះ ជុំ សុខុម ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅចំណុចកើតហេតុ (នេសាទត្រី) ជាមួយគ្នា មានទីលំនៅភូមិចំការលើ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានប្រើប្រាសកាំបិតកាកុក ជាអាវុធកាប់លើគូទំនាស់(ស្លាប់) និងរងរបួស ក្រោយធ្វើសកម្មភាពរួចបាន រត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្តទៀតថា ហិង្សាដោយចេតនាខាងលើ ផ្ដើមចេញពីទំនាស់ពាក្យសម្ដីគ្នា រវាងប្រពន្ធ នឹងប្រពន្ធ ដោយប្រពន្ធជនរងគ្រោះ(ស្លាប់) ជំពាក់លុយប្រពន្ធជនសង្ស័យដៃ ដល់ចំនួន ៧០០០រៀល បង្កឲ្យកើតមានទំនាសឡើងបែកផ្សែងរហូតផ្ទុះហិង្សាបែបនេះ ហើយភ្លាមៗនោះភាគីខាងជន រងគ្រោះរវល់ពេក ពុំបានផ្ដល់ព័ត៌មានឬរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋាននោះទេ លុះជនរងរបួសស្លាប់បញ្ជូនត្រឡប់មកពីរាជធានីភ្នំពេញ ទើបមកដាក់ពាក្យបណ្ដឹង ធ្វើឲ្យជនបង្កមានឲ្យកាសរត់ គេបាត់បែបនេះ៕ បុឹម ពិន