ភ្នំពេញ ៖ ទីតាំងយានដ្ឋាន ធម្មជាតិហ្គាស មួយកន្លែង បានធ្លាយបំពង់ហ្គាស បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋភ័យស្លន់ស្លោខ្លាចកើតមានអគ្គិភ័យ ហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍។
ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវ១៩៨៦ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ម្ចាស់ទីតាំងមិនត្រូវបានស្គាល់ឈ្មោះ យានដ្ឋានដែលបានធ្លាយបំពង់ហ្គាសខាងលើនេះ មានឡូហ្គោ ធម្មជាតិហ្គាសសាខា ស្រេង ប្រណី ។
ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា យានដ្ឋានខាងលើ បានធ្លាយហ្គាស តែមិនមានឆាបឆេះជាអណ្តាតភ្លើងទេ គឺគ្រានតែភាយក្លិនហ្គាសចេញមកពេញដងផ្លូវ បង្កឲ្យពលរដ្ឋភ័យស្លន់ ខ្លាចក្លាយជាគ្រោះអគ្គិភ័យ ។
ក្នុងករណីធ្លាយភាយហ្គាសខាងលើនេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានបិទផ្លូវ១៩៨៦ មួយកំណាត់ទាំងស្រុងតែម្តង ខ្លាចដើម្បីការពារសុវត្តិភាព បងប្អូនប្រជាពលរដ្ឋមានបញ្ហា ។
ក្នុងប្រតិបត្តិការណ៍ខាងលើនេះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០៧គ្រឿង មកអត្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់ទឹកអស់០៣គ្រឿងទើបគ្រប់គ្រងស្ថានការបាន ។
ប្រភពពីអាជ្ញាធរខណ្ឌសែនសុខបានឲ្យដឹងថាទីតាំងខាងលើនេះត្រូវបានផ្អាកអាជីវកម្មបណ្តោះអាសន្នសិន ដោយម្ចាស់ទីតាំងពុំមានច្បាប់គ្រាប់គ្រាន់ក្នុងការបើកអាជីវកម្ម ដូច្នេះអាជ្ញាធរតម្រូវឲ្យម្ចាស់ទីតាំងត្រូវរៀបចំឯកសារសុំច្បាប់ឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវឲ្យជំនាញខាងផលិតហ្គាសមកត្រួតពិនិត្យឡើងវិញឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ៕ តុង សីហា