ខេត្តបាត់ដំបង៖ មន្រ្តីដោះមីនអង្គភាពស៊ីម៉ាកម្នាក់ បានរងការផ្ទុះឆ្នាំងសាកទូរស័ព្ទដៃបណ្តាលឲ្យ ដាច់ប្រអប់ដៃឆ្វេងម្ខាង ត្រូវបានគេដឹកបញ្ជូនយកទៅ សង្រ្គោះនៅមន្ទីរពេទ្យយោធ ភូមិភាគ៥ (ព២) ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួយលមួយកន្លែងក្រុមទី៤ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
អធិការនគរបាលក្រុងបាត់ដំបងលោក ប៉ាង ហៀង ប្រាប់ឲ្យដឹងថា នៅក្រុងបាត់ដំបងពិតជាកើតឡើងនូវហេតុការណ៍នោះមែនទៅលើមន្រ្តីដោះមីន ម្នាក់នៅអង្គភាពស៊ីម៉ាក បានជួលផ្ទះគេស្នាក់នៅដែល ម្ចាស់ផ្ទះមានឈ្មោះ ពេជ្រ ស្រីនិត ។
លោកអធិការប្រាប់ឲ្យដឹងទៀតថាចំពោះអត្តសញ្ញាណជនរងគ្រោះ សមត្ថកិច្ចមិនទាន់ស្គាល់នៅឡើយនោះទេ ។ ឧបទ្ទហេតុនោះវាកើតឡើងដោយខ្លួនឯងខណៈដែលជនរងគ្រោះយកឆ្នាំងសាកទូរស័ព្ទទៅដោតនិងព្រីភ្លើងក៏បណ្តាលឲ្យផ្ទុះឆ្នាំសាកទូរស័ព្ទនោះតែម្តង បណ្តាលឲ្យការដាច់ប្រអប់ដៃឆ្វេងភ្លាមៗ ។ ជនរងគ្រោះបច្ចុប្បន្នកំពុងស្ថិតនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធានយោធភូមិភាគ៥ (ព២) ។
ជុំវិញបញ្ហានោះ ប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាហៅកាត់ស៊ីម៉ាកលោកហេង រតនា បានបង្ហោះព័ត៌មានក្នុងផេករបស់លោកថាជនរងគ្រោះមាន គ្រោះថ្នាក់ដោយឌុយក្បាលសាកទូរសព្ទ័ IPhone! ជនរងគ្រោះមានឈ្មោះ សោម សុជាតិ ដែលជាប្រធានគំរោងបោសសំអាតមីននិងជួយសង្គ្រោះជនពិការដោយសារមីននៅខេត្តបាត់ដំបង ដែលត្រូវរងរបួសពិការប្រអប់ដៃធ្វេង (ដល់កដៃ) ដោយសារការផ្ទុះឌុយសាកទូរសព្ទ័ ជាទូរសព្ទ័ប្រភេទIPhone ។ លោកបង្ហាញឲ្យដឹងទៀតថានេះគឺរឿងមិនគួរឱយជឿទាល់តែសោះ ព្រោះកំលាំងផ្ទុះខ្លាំង បង្កកំទេចប្រអប់ដៃទាំងមូល ។
សូមបញ្ជាក់ថាឧបទ្ទវហេតុខាងលើបានធ្វើឲ្យមានការភ្ញាក់ផ្អើលប្រិយមិត្តព័ត៌មានបណ្តាញសង្គមហ្វេសប៊ុក ក្រោយកើតហេតុនោះហើយមានការបង្ហោះព័ត៌មានស៊ែចែកចាយពីមួយទៅមួយ ។ ករណីនេះក៏ជាសារអប់រំដល់ប្រជាពលរដ្ឋប្រើប្រាស់ឆ្នាំងសាកទូរស័ព្ទត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដោយថាហេតុណាមួយបង្កឡើងពីការប្រើប្រាស់ទូរស័ព្ទដៃនោះ ៕ សំ វិច្ឆិកា