ព័ត៌មានទាន់ហេតុការណ៍៖

រោះថ្នាក់អគ្គិភ័យមាន៣៩លើក នៅខេត្តសៀមរាបក្នុងឆ្នាំ២០១៨

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលខេត្តសៀមរាប បានរៀបចំទិវា ជាតិបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីជំរុញ ដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ជាយថាហេតុនេះ ទិវានេះ បានប្រារព្ធធ្វើទៅក្រោមអធិបតី លោក ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤ និង ជាអនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ អភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ គរុសិស្ស សិស្សានុសិស្ស និង ប្រជាពលរដ្ឋ រួមទាំងក្រុមជំនាញពន្លត់អគ្គិភ័យប្រទេសថៃចូលរួមផងដែរ ។

យោងតាមរបាយការណ៍របស់លោកវរៈសេនីយ៍ឯក ភឹង សម្បត្តិ ស្នងការរងនគរបាលខេត្តទទួលការិយាល័យអគ្គិភ័យ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៨កន្លងមកនេះ គ្រោះថ្នាក់អគ្គិភ័យ និងមហន្តរាយដែលបង្ករ ឲ្យនៅទូទាំងខេត្តសៀមរាប បើបៀបធៀបនឹងឆ្នាំ២០១៧ មានចំនួន៣៩ករណីលើ ១៩ ករណី ករណីឆេះផ្ទះ ២៤លើ១៩ខ្នង ដោយប្រើប្រាស់ទឹកអស់ ៦៣ រថយន្ត ។ អគ្គិភ័យទាំងនេះគឺបណ្តាលមកពី ការឆេះធុងហ្គាស , ដុតធូក ទៀនចោល និង ឆ្លងចរន្តអគ្គិសនី ។

លោក ទៀ សីហា បានបញ្ជាក់ថា ការគោរពទិវាជាតិបង្ការ និង ពន្លត់អគ្គិភ័យ ២២ កុម្ភៈ ថ្ងៃនេះ គឺជាព្រឹត្តិការណ៍មួយដ៏មានអត្ថន័យ និង មានសារៈសំខាន់ ក្នុងគោលបំណងបំផុសការចូលរួមពីគ្រប់បណ្តាស្ថាប័ន អង្គការសង្គមស៊ីវិល សមាគម ផ្នែកឯកជន ជាសំខាន់បងប្អូនប្រជាពលរដ្ឋ បានយល់ដឹង គាំទ្រ និង ចូលរួមយ៉ាងសស្រាក់សស្រាំជាមួយកងកម្លាំងសមត្ថកិច្ច ប្រកបដោយការបេ្តជ្ញាយ៉ាងមុតមាំ ដើមី្បកាត់បន្ថយគ្រោះថ្នាក់ ដែលបណ្តាលមកពីបញ្ហាអគ្គិភ័យ ។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើ និង អំពាវនាវដល់គ្រប់ស្ថាប័នរដ្ឋ មន្ត្រីរាជការ និងវិស័យឯកជន ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យកើតមានអគ្គិភ័យនេះ ក្នុងនោះដែរអាជ្ញាធដែនដីគ្រប់ជាន់ថ្នាក់ ក៏ត្រូវបង្កើននូវការចាត់វិធានផ្សព្វ ផ្សាយ អប់រំ ណែនាំ ដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឲ្យបណ្តាម្ចាស់គេហដ្ឋាន ក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានជាដើម ឲ្យមានការប្រុងប្រយ័ត្ននូវគ្រប់វិនាទីចំពោះដើមចោទដែលអាចបង្កឲ្យកើតមានអគ្គិភ័យ ដូចជាភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងទៀន ធូប ភ្លើងព្រៃ ភ្លើងបារី រំសែវជាតិផ្ទុះ ប្រេងឥន្ធៈ ឧស្ម័នចំហេះ សារធាតុគីមី ដែលជាវត្ថុងាយឆេះ សំខាន់លើបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គិសនីនៅតាមលំនៅដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន ភោជនីយដ្ឋាន និង ក្លឹមកម្សាន្តជាដើម ។

ក្នុងនោះដែរលោកបានផ្តោតសំខាន់ ចំពោះការដឹកជញ្ជូនប្រេងឥន្ធនៈ និង ឧស្ម័ន តាមរថយន្ត រឺម៉ក់ ដោយគ្មានបច្ចេកទេសត្រឹមត្រូវ និង ការដាក់តាំងលក់នៅតាមដងផ្លូវ ដែល ជាហានីភ័យមួយ ដែលយើងត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយខេត្តសៀមរាប ជាតំបន់ទេសចរណ៍ ប្រមូលផ្តុំទៅដោយភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ ចូលមកទស្សានាកម្សាន្ត ។

ក្នុងនោះលោកក៏បានធ្វើការកោតសរសើរដល់កងកម្លាំងនគរបាលពន្លត់អគ្គិភ័យនៃស្នងការដ្ឋាន នគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត អាជ្ញាធរអប្សរា និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអង្គភាពមួយចំនួន រួមទាំងវិស័យឯកជន ដែលបានសហការគ្នាល្អ ក្នុងការខិតខំយកចិត្តទុកដាក់ ចូលរួមជួយប្រជាពល រដ្ឋ ដែលរងគ្រោះដោយគ្រោះអគ្គិភ័យ បានទាន់ពេលវេលានៅខេត្តសៀមរាប ។

ក្នុងឱកាសទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យនេះ លោក ប៉ុល លឹម មានប្រសាសន៍ ដោយបានគួសបញ្ជាក់ថា ការបង្ការ ពន្លត់អគ្គិភ័យ គឺជាករណីកិច្ចគ្រប់មន្ទីរ អង្គភាព ផ្នែកឯកជន និង ប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ និង ចូលរួមពន្លត់អគ្គិភ័យនៅពេលមានគ្រោះអគ្គិភ័យកើតមានឡើង និង ត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ស្តីពីបង្ការ និង ពន្លត់អគ្គិភ័យ និង លិខិតបទដ្ឋានគតិយុត្តនានា និងធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋ ក្នុងគោលដៅមានហានិភ័យខ្ពស់ ព្រមទាំងឲ្យបានយល់ដឹងអំពីវិធានការ បច្ចេកទេសបង្ការ និង ពន្លត់អគ្គិភ័យ នៅគ្រប់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុន ក្លឹបកម្សាន្ត តាមផ្សារ និង អាជីវកម្មនានា គឺត្រូវបំពាក់ប្រព័ន្ធសុវត្ថិភាព បង្ការពន្លត់អគ្គិភ័យ ឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេស ។

លោកក៏បាន លើកនូវអនុសាសន៍ល្អៗមួយចំនួន លើការបង្ការចំពោះបញ្ហា អគ្គិភ័យ ដោយផ្តោតសំខាន់ទៅលើការរៀបចំនូវប្រព័ន្ធសុវត្ថិភាព និង បង្ការគ្រោះអគ្គិភ័យ នៅតាមបណ្តាអគារធំៗខ្ពស់ៗ និង បណ្តាក្រុមហ៊ុន ផ្សារទំនើប ក្លីបកំសាន្ត និង រោងចក្រ មហោស្រពជាដើម ។ ក្នុងនោះលោកក៏បានផ្តោតសំខាន់ ចំពោះរាល់បច្ចេកទេស ក្នុងការរៀបចំនូវស្ថានីយ៍ប្រេងឥន្ធនៈ តើគ្រប់ជំនាញពាក់ព័ន្ធបានធ្វើការពិនិត្យត្រឹមត្រូវ ទៅតាមស្តង់ ដា បច្ចេកទេសឬទេ ដើមី្បបង្ការកុំឲ្យមានហានីភ័យកើតឡើង ។

លោកបានបន្តទៀតថា ដោយអនុវត្ត តាមយុទ្ធសាសន៍ចតុកោណដំណាក់កាលទី៤ ក្នុងការចូលរួមលើកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រ និង បង្កើននូវសមទ្ធិផលជាតិជាច្រើន ដូចជា ផ្លូវ ស្ពាន អគារខ្ពស់ៗ បុរី ភូមិគ្រឹះ សណ្ឋាគារ ផ្សារទំនើប ផ្ទះសំណាក់ រោងចក្រ និង គ្រឹះស្ថានសិក្សា សហគ្រាសផងដែរ ។ ចំពោះករណីនេះ យើងត្រូវបន្តបន្តខិតខំប្រឹងប្រែងឲ្យសម្រេចបាន នូវគោល បំណងចំនួនពីរ គឺ រក្សាឲ្យបានសន្តិសុខ សុវត្ថិភាព អាយុជីវិត ទ្រព្យសម្បត្តិរដ្ឋ និង ឯកជន អំពីគ្រោះថ្នាក់បណ្តាមកពី អគ្គិភ័យ និង ធ្វើឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ អ្នកវិនិយោគិន គ្មានការព្រួយបារម្ភកង្វល់អំពីគ្រោះអគ្គិភ័យ និង ស្ម័ត្រចិត្តយ៉ាងសកម្ម ចូលរួមជាមួយកងកម្លាំងសមត្ថកិច្ច បង្ការ ទប់ស្កាត់ ដើមី្បកុំឲ្យកើតមានអគ្គិភ័យកើតឡើង ។

ក្នុងនោះដែរ ក៏មានការបង្ហាត់បង្ហាញ អំពីសកម្មភាពស្តីពីការប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ ដែលបានធ្វើការបង្ហាត់បង្រៀនឡើង ដោយក្រុមពន្លត់អគ្គិភ័យប្រទេសថៃ ព្រមទាំងធ្វើសមយុទ្ធក្នុងការពន្លត់អគ្គិភ័យ ជូនដល់គណៈអធិបតី និង អង្គពិធីទាំងមូលបានទស្សនាផងដែរ ៕ ប៊ុនរិទ្ធី


ចែករំលែក៖