ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ អ្នកវិនិយោគ ប្រទេសសិង្ហបុរីស្វែងយល់ និងចង់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ប្រតិភូសិង្ហបុរីដឹកនាំដោយ លោកម៉ៃ ឈើល តាន់ អគ្គរដ្ឋទូត សិង្ហបុរី ប្រចាំនៅប្រទេសកម្ពុជា និងលោកស៊ីត តាន់ នាយកប្រតិបត្តិ នៃប្រទេសសិង្ហបុរី កាលពីរសៀលថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនិងថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១៩ បានដឹកនាំប្រតិភូមួយក្រុម ជួបសម្ដែងការ គួរសមនិងពិភាក្សាការងារមួយចំនួនជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីស្វែងយល់និង ចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ ខណៈដែលរាជធានីភ្នំពេញ បាននិងកំពុងមានការអភិវឌ្ឍរីកចម្រើន យ៉ាងខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃនោះ ។

លោក ឃួង ស្រេង ក្នុងឱកាសនោះបានបញ្ជាក់ថា៖ ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានី បាននិងកំពុងពង្រឹងនិងពង្រីកតំបន់មួយចំនួននៅក្នុងរាជធានី ។ លោកបានបញ្ជាក់ថា៖ គម្រោងប្លង់មេ អភិវឌ្ឍន៏រាជធានីភ្នំពេញនៅឆ្នាំ២០៣៥ គណៈរដ្ឋមន្ត្រីបានសម្រេចជាស្ថាពរហើយ ទន្ទឹម នឹងនេះរាជធានីភ្នំពេញនឹងត្រូវធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដូចជាប្រព័ន្ធលូប្រព័ន្ធប្រឡាយផ្លូវថ្នល់ស្ពានអាកាស និងផ្លូវក្រោមដីជាដើម ហើយការងារនេះយើងបាននឹងកំពុងអនុវត្តសព្វថ្ងៃ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញក៏នឹងត្រូវការដៃគូដើម្បីធ្វើការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធនេះបន្ថែមទៀត។

លោក ស៊ីត តាន់ បានបញ្ជាក់ថា៖ គោបំណងដែលប្រតិភូមកភ្នំពេញ ក្នុងពេលនេះគឺដើម្បីស្វែងយល់និងចង់ធ្វើការបណ្ដាក់ទុនវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ ។ ការសំយោគទុនលើវិស័យនេះ គឺដោយសារមើលឃើញ រាជធានីភ្នំពេញក៏ដូចជានៅទូទាំងប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចំរើនយ៉ាងខ្លាំងដែលទាមទារឲ្យមានការ កសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ។ ក្រុមហ៊ុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសសិង្ហបុរី ជាក្រុមហ៊ុន ធំមួយដែលសហការដៃគូ ជាមួយរដ្ឋាភិបាល និងធានាគារADBដែលមានវិសាលភាពធំធេងលើការវិនិយោគទុន។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្នុងឳកាសនោះបានលើកឡើងពីហេដ្ឋារចនា សម្ព័ន្ធជាច្រើននៅក្នុងរាជធានីភ្នំពេញ ដូចជាការអភិវឌ្ឍផ្លូវ ស្ពាន ប្រឡាយលូ ជាដើម។ ក្នុងពេលនេះគឺរដ្ឋបាលរាជធានីភ្នំពេញបានកសាង ប្រព័ន្ធលូបានប្រវែង៧៣២គីឡូម៉ែត្រ ខណៈគម្រោងដែលត្រូវសាងសង់មានរហូតទៅដល់ ២ពាន់គីឡូម៉ែត្រ បច្ចុប្បន្ននេះយើងមាន ស្ពានអាកាសចំនួន ៦ ហើយជាទិសដៅយើងនឹងកសាងស្ពានអាកាសជាច្រើនកន្លែងទៀត ។រាជធានីភ្នំពេញជាទិសដៅដែលត្រូវដោះស្រាយមាន៣ ចំណុច នោះគឺការដោះស្រាយលើការកកស្ទះចរាចរណ៍ បរិស្ថាននិងទឹកជំនន់ និងកាកសំណល់និងសំរាម ដែលបញ្ហាទាំងនេះទាមទារឲ្យមាន ការយើងត្រូវចាប់ដៃគូវិនិយោគជាមួយនឹងវិស័យឯកជន។

លោកស៊ីត តាន់ ប្រតិប្រតិភូសិង្ហបុរីជ បានបញ្ជាក់ថា៖ គម្រោងដឹកជញ្ជូន ការកែច្នៃសំរាមទៅជាថាមពល ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក្រុមប្រតិភូនឹងយកទៅពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ក្រោយការសិក្សាហើយ ប្រតិភូ សិង្ហបុរីនិង មកទំនាក់ទំនងជាមួយរដ្ឋបាលរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សានិងអនុម័ត៕ សំរិត


ចែករំលែក៖