ខេត្តកំពង់ធំ៖ ចំការកៅស៑ូរបស់ក្រុមហ៊ុន BNA ប្រមាណជា ៣០ហិចតា ត្រូវបានភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ ដោយសារតែមានភ្លើងឆេះព្រៃ រាលដាលដល់ចំការកៅស៊ូ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃអាទិត្យ ០៥រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភៈ គ.ស ២០១៩ ស្ថិតនៅ ភូមិស្រែស្រម៉ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានរាយការណ៍ថា ករណីអគ្គិភ័យឆេះចំការកៅស៊ូ របស់ក្រុម ហ៊ុន BNA នេះខូចខាតឆេះកៅស៊ូ អស់ចំនួន៣០ហិចតា មូលហេតុ បណ្តាលមកពីភ្លើងព្រៃឆេះ រាលដាល ។
សមត្ថកិច្ចបានបន្តថា៖ រថយន្ត អគ្គិភ័យរបស់អធិការដ្ឋាន នគរបាលស្រុកសន្ទុកមិនបាន ចេញអន្តរាគមន៍នោះទេ មូលហេតុដោយសារផ្លូវតូច ចង្អៀត ។ ប៉ុន្តែកម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលទីពោបានចុះអន្តរាគមន៍ពន្លត់ចំនួន០៦នាក់ដឹកនាំ ដោយលោកអនុសេនីយ៍ឯក សុីវ វុទ នាយនគរបាលប៉ុស្តិ៍ ដោយប្រើប្រាស់ឧបករណ៍សាមញ្ញ មែកឈើវាយពន្លត់រលត់ទាំងស្រុងមិនបង្កឲ្យឆេះរាលដាលបន្តទៀត។
គួររំលឹកថាក្នុងរយៈកាលកន្លង ទៅថ្មីៗនេះគ្រួសារប្រជាពលរដ្ឋ មួយចំនួនខេត្តកំពង់ធំ ទទួលគ្រោះថ្នាក់ដោយអគ្គិភ័យ ឆេះផ្ទះសម្បែង ឆេះប៉ះពាល់ស្រូវ ឆេះចំការស្វាយចន្ទី ចំការផ្សេងៗទៀត ខណៈអាជ្ញាធរបានអំពាវនាវ ប្រជាពលរដ្ឋសូមឲ្យមានការ ប្រុងប្រយ័ត្នខ្ពស់ ព្រោះជារដួវរាំងស្ងួតហួតហែង ៕ ប៊ុនរិទ្ធី