ព័ត៌មានទាន់ហេតុការណ៍៖

ប៉ាគីស្ថានប្រឈមនឹងបញ្ហាសន្តិសុខ ដោយការវាយប្រហារភេរវកម្មកើនឡើង

ចែករំលែក៖

ក្រុមភេរវកម្ម នៅក្នុងប្រទេស ប៉ាគីស្ថាន មិនត្រឹមតែ វាយប្រហារនៅក្នុងប្រទេសជិតខាងនោះឡើយ គឺបានវាយប្រហារទាំងនៅក្នុងទឹកដី​ប៉ាគីស្ថាន ផ្ទាល់​ បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ការរស់នៅរបស់ពលរដ្ឋ ​។

ពេលថ្មីៗនេះ មានការវាយប្រហារ គ្រាប់បែក​បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស ជាង​១០នាក់ ។ ការវាយប្រហារកើតឡើងនៅទីក្រុង Dera Murad Jamali ភាគនិរតី ខេត្ត Balochista ប្រទេសប៉ាគីស្ថាន ការវាយប្រហារខាងលើ បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និង១៣នាក់បានរងរបួស កាលពីថ្ងៃទី​២៤ខែកុម្ភៈ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបញ្ជាក់ថា ជនវាយប្រហារបានដាក់គ្រាប់បែកនៅក្នុងម៉ូតូមួយគ្រឿង ហើយចតទុកចោលនៅខាងក្រៅហាងលក់ទំនិញមួយ ក្នុងតំបន់ Mazdoor Chowk ។ ប៉ូលិសបានបញ្ជាក់ថា ជនវាយប្រហារបានប្រើឧបករណ៍បញ្ជាពីចម្ងាយប្រហែល៦ទៅ៨គីឡូម៉ែត្រពីទីតាំងគ្រាប់បែក ។

ក្រុមជួយសង្គ្រោះ ប៉ូលិស ទាហានទៅកាន់កន្លែងកើតហេតុ បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ នៅជិតកន្លែងកើតហេតុ ។ គ្រូពេទ្យបានព្រួយបារម្ភថា មនុស្សអាចស្លាប់ច្រើនជាងនេះ ខណៈដែលអ្នករងរបួសធ្ងន់មានច្រើននាក់ ។ ប៉ូលិសបានឡោមព័ទ្ធ និងបិទទីកន្លែងកើតហេតុ និងបើកការស៊ើបអង្កេត ស្វែងរកចាប់ខ្លួនជនវាយប្រហារ ។ តែមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយប្រកាសទទួលស្គាល់នៅឡើយទេ ។

នៅក្នុងហេតុការមួយផ្សេងទៀតដែលបានកើតឡើងនៅប្រទេសប៉ាគីស្ថាននោះដែរ គឺ បាក់រលំអាគារ​កម្ពស់​៣ជាន់ស្លាប់​២នាក់ផងដែរ ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅ ភាគខាងកើត Karachi ។

មន្ត្រីក្នុងតំបន់និយាយថា អាគារលំនៅឋានតូចមួយ បានបាក់ស្រុត ខណៈដែលការងារសាងសង់ នៅក្បែរនោះ បាននិងកំពុងដំណើរការ ស្ថិតនៅតំបន់ Malir កាលពីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ។ ប្រភពថា មនុស្ស៤នាក់បានរងរបួស ហើយត្រូវបានជួយសង្គ្រោះ ក្នុងនោះមានស្ត្រីម្នាក់ និងក្មេង២នាក់ផងដែរ ។ មនុស្សផ្សេងទៀតនៅបាត់ខ្លួន ។

ប៉ូលិសបញ្ជាក់ថា គេមិនទាន់ដឹងមនុស្សប៉ុន្មានជាប់គាំងនោះឡើយ ។ ប៉ុន្តែអគារដែលបាក់ស្រុតនេះមាន២គ្រួសាររស់នោះ មនុស្សសរុបប្រមាណ១៣នាក់។ កង្វះខាតក្នុងការអនុវត្តច្បាប់ស្តីអំពីសុវត្ថិភាព និងការសាងសង់ឲ្យមិនសិក្សាច្បាស់លាស់ បង្កឲ្យមានគ្រោះថ្នាក់បែបនេះកើតឡើងញឹកញាប់នៅក្នុងប្រទេសប៉ាគីស្ថាន ៕


ចែករំលែក៖