ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងប៉ោយប៉ែត មិនទាន់ចាត់វិធានការ ទៅលើអាជីវករ កសាងតូប តាំងលក់ទំនិញ រំលោភចំណី ផ្លូវសាធារណៈ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ការកកស្ទះចរាចរណ៍ បាត់បង់សណ្តាប់ធ្នាប់ បង្កភាពរញ៉េរញ៉ៃដោយការកសាងតូប និងតាំងលក់ទំនិញរំលោភយកចំណីផ្លូវសាធារណៈ ធ្វើអាជីវកម្ម នៅចំ ណុចផ្សារត្រី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅតែបន្តកើតមានជាដដែល ។

ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតនាំគ្នានិយាយ និងរងចាំមើលថា តើអាជ្ញាធរក្រុងប៉ោយប៉ែត ចាត់វិធានការដោះស្រាយសណ្តាប់ធ្នាប់ចំណុចនោះនៅពេលណា? ។ ក្រោយថ្ងៃឱសានវាទឲ្យរុះរើតូបកសាងរំលោភចំណីផ្លូវសាធារណៈ ដោយអាជីវករខ្លួនឯងដាក់ចេញដោយអាជ្ញាធរក្រុងប៉ោយប៉ែត កាលពីកន្លងទៅថ្មីៗនេះ បានហួសកំណត់ជាយូរថ្ងៃទៅហើយនោះ ។

ការដាក់ចេញវិធានការដោះស្រាយសណ្តាប់ធ្នាប់ នៅចំណុចផ្សារត្រី ក្រុងប៉ោយប៉ែត គឺដើម្បីបង្ការទប់ស្កាត់ផលអាក្រក់កើតឡើងជាយថាហេតុណាមួយដូចជាបញ្ហាអគ្គិភ័យជាដើម ។ ចំណុចផ្សារត្រីនៅមុនពេលថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនកន្លងទៅនេះ បានកើតឡើងនូវគ្រោះអគ្គិភ័យ ធ្វើឲ្យរថយន្តទឹកពិបាក និងចូលបាញ់ទឹកសង្រ្គោះ បណ្តាលឲ្យឆេះផ្ទះ ៤ខ្នងទៅ៥ខ្នង ដោយសារផ្លូវសាធារណៈនៅចំណុចទីនោះតូចចង្អៀត រថយន្តទឹកមិនអាចចូលទៅដល់កន្លែងកើតហេតុ ។ ក្រោយពីកើតហេតុអគ្គិភ័យនោះហើយគេឃើញអាជ្ញាធរក្រុងប៉ោយប៉ែត ក៏បានដឹកនាំកម្លាំងចម្រុះចុះណែនាំអាជីវករ ដែលកសាងតូបរំលោភផ្លូវសាធារណៈ ឲ្យរុះរើតូបចេញមិនឲ្យហួសក្រោយថ្ងៃចូលឆ្នាំប្រពៃប្រពៃណីជនជាតិចិននោះឡើយ ។

ជុំវិញបញ្ហានេះ អភិបាលក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៌មានយើង នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឲ្យដឹងថា ពាក់ព័ន្ធនៃការអនុវត្តរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្សារត្រី អាជ្ញាធរក្រុងមិនទាន់អនុវត្តភ្លាមៗនៅឡើយនោះទេ ដោយរងចាំពេលវេលាអនុវត្តតាមនីតិវិធី នោះសិន ។ ពីព្រោះខ្លាចមានបញ្ហាដោយការងារនេះយើងធ្វើដោយប្រុងប្រយ័ត្នមិនអាចធ្វើអ្វីផ្តេសផ្តាសបាននោះឡើយ ។

សូមបញ្ជាក់ថា បើតាមអាជីវករកសាងតូបតាំងលក់ទំនិញរំលោភចំណីផ្លូវ សាធារណៈធ្វើអាជីវកម្ម នៅចំណុចផ្សារត្រី បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ការកសាងតូបលក់ទំនិញរំលោភចំណីផ្លូវសាធារណៈនៅចំណុចផ្សារត្រីគឺពួកគាត់ត្រូវបានចំណាយ ប្រាក់ពី១លានរៀលទៅ២លានរៀលក្នុង១ខែបង់ឲ្យអ្នកពាក់ព័ន្ធនៅចំណុចផ្សារត្រីនោះ៕ សំ វិច្ឆិកា


ចែករំលែក៖