ភ្នំពេញ៖ បុរសអ្នកបានបើកម៉ូតូសណ្តោង រ៉ឺម៉ករបស់ខ្លួនមកទុកចោលកណ្តាលស្ពានជ្រោយចង្វា ហើយលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វាថ្មី ធ្លាក់ចូលទៅក្នុងទឹកបានសម្រេចតែដោយមិនទាន់ចង់ស្លាប់ ក៏ហែលទឹកខ្វៃៗ ហើយត្រូវបានអ្នកនេសាទ ជួយស្រង់ឡើងគោកវិញកាល ពីម៉ោង ប្រមាណ៥ល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅគល់ស្ពានជ្រោយចង្វាប៉ែកខាងកើត ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
បុរសមានវិបត្តិរូបនោះ ត្រូវបានប្រាប់ឲ្យដឹងថា ឈ្មោះ ចេវ ពន្លក អាយុ៣៥ឆ្នាំ រស់នៅម្តុំផ្លូវសុខហុក ខណ្ឌ៧មករា ស្រុកកំណើត នៅខេត្តព្រៃវែង ។
ប្រភពព័ត៌បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនេះបើក ម៉ូតូសណ្តោងរ៉ឺម៉ក ឡើងស្ពានជ្រោយចង្វា នៅពេលមកដល់កណ្តាលស្ពាន ក៏បានចុះពីម៉ូតូសណ្តោងរ៉ឺម៉ក រួចលោតចុះទៅក្នុងទន្លេតែម្តង ។ ភ្លាមៗ ពុំមានអ្នកដំណើរណាចាប់អារម្មណ៍ឡើយ ។
បន្ទាប់ពីលោតសម្លាប់ខ្លួន គេឃើញបុរសរូបនោះប្រហែល មិនទាន់ចង់ស្លាប់ ក៏ ហែលទឹកខ្វៃៗ សំដៅច្រាំង ហើយត្រូវបានអ្នកស្ទួចត្រី ហៅទូកនេសាទ ចេញទៅជួយស្រង់ឡើងគោកវិញនាំយកមកគល់ស្ពានខាងកើត ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ជ្រោយ ចង្វា ដើម្បីសួរនឹងណែនាំកុំឲ្យ គិតខ្លីបែបនេះទៀត ។
នៅចំពោះមុខនគរបាលបុរស មានវិបត្តិរូបនោះ បានឲ្យដឹងថា ខ្លួនពុំចង់រស់នៅឡើយ ដោយធុញទ្រាន់ នឹងជីវិត ។ ទោះបីជាយ៉ាងណា គាត់ពុំបានឲ្យដឹងពីមូលហេតុអ្វីច្បាស់លាស់នោះទេ បណ្តាលឲ្យគិតខ្លីបែបនេះ តែគាត់បញ្ជាក់ថា ខ្លួនជំពាក់លុយគេ៤០០ដុល្លារ ហើយនឹងមានវិបត្តិក្នុងគ្រួសារដោះស្រាយមិនចេញ បន្ទាប់ពីសមត្ថកិច្ចណែនាំរួចហើយក៏ហៅបងប្អូនមកយកទៅផ្ទះវិញ ៕ ជ្រោយពេជ្រ