ភ្នំពេញ ៖ ក្រោយពីមានមតិរិះគន់ពីមហាជន រឿងរថយន្តធុនធំបើកចូលក្រុងភ្នំពេញ បង្កបញ្ហា គ្រោះថ្នាក់ចរាចរណ៍ កកស្ទះចរាចរណ៍ ប៉ះពាល់សណ្តាប់ធ្នាប់ទីក្រុង ក្រោមបញ្ជាពីលោកលោកស្នងការរាជធានីភ្នំពេញ លោកអភិបាលរាជធានីភ្នំពេញ ឲ្យសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ បណ្តាខណ្ឌក្នុងរាជធានី យកចិត្តទុកដាក់ មុឺងម៉ាត់ បង្ក្រាបចាប់ឃាត់កុំឲ្យរើសមុខ ទើបនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ គ្រាន់តែរយៈពេលត្រឹមតែមួយម៉ោង (១និង៣០នាទី-២និង៣០នាទី រសៀលថ្ងៃ២៦ កុម្ភៈ) កម្លាំងនគរបាលខណ្ឌសែនសុខ ចុះប្រតិបត្តិការ ដាក់គោលដៅ ផ្លូវ២០០៤ កែងផ្លូវណតប្រីដ ឃាត់រថយន្តធុនធំ ប្រភេទរថយន្តបែនដឹកខ្សាច់ ហូរទឹកឡិចកឡាក់ ដឹកទំនិញ កុងតឺន័រ បានជាច្រើនគ្រឿង។
លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខតំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌដែលដឹកនាំកម្លាំងចុះអនុវត្តន៍ផ្ទាល់បានឲ្យដឹងថា ការចុះឃាត់រថយន្តធំៗរថយន្តដឹកខ្សាច់ហូរទឹកកឡិចកឡាក់ ដឹកទំនិញ កុងតឺន័រ គឺមិនទាន់កំណត់ចំនួនបានជាក់លាក់នៅឡើយទេ ព្រោះប្រតិបត្តិការអជ្ញាធរបន្តធ្វើដល់ពេលល្ងាចទើបឈប់ ។
លោកអភិបាលរងខណ្ឌបានបន្តទៀតថា ក្នុងនោះរថយន្តមួយចំនួនត្រូវបញ្ជួនទៅស្នងការរាជធានីភ្នំពេញ និងមួយចំនួនទៀតឃាត់ទុកនៅសាលាខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់បានកំណត់ ៕ តុង សីហា