ខេត្តកណ្ដាល៖ ក្មេងស្រីម្នាក់បើកម៉ូតូបត់ឆ្វេងក្នុងគោលបំណងត្រឡប់ក្រោយ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងតៀតបើកក្នុងទិសផ្ទុយគ្នាពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូតាំង២នាក់រងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុខាងមុខពហុកីឡាដ្ឋានខេត្តកណ្តាល តាមបណ្តោយផ្លូវលេខ២០៩ស្ថិតនៅភូមិតាខ្មៅ១សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ម៉ូតូបង្កម៉ាក ហុងដាស្កុបពី ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1CX-2797 បើកបរដោយឈ្មោះ ម៉ៅ ជីងស៊ែងភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (រងរបួសធ្ងន់) ។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកហុងដា អាយខន ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1BU-9522 បើកបរដោយឈ្មោះ ឈួន កែវ ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញក្មេងស្រីរងគ្រោះជាអ្នកបើកបរម៉ូតូហុងដាស្កុបពី ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០៩ ក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុ ក្មេងស្រីរងគ្រោះបានបត់ឆ្វេង ក្នុងគោលបំណងត្រឡប់ក្រោយ ខណៈនោះក៏បានបុកជាមួយម៉ូតូម៉ាកអាយខនមួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវក្នុងទិសដៅជើងទៅត្បូង (ច្រាស់ទិសគ្នា)ពេញមួយទំហឹង បណ្ដាលឲ្យក្មេងស្រីរងគ្រោះ និងអ្នកបើកបរម៉ូតូម្ខាងទៀតរងរបួសធ្ងន់ទាំង២នាក់ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែកឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបាននគរបាលចរាចរណ៍ជំនាញ ចុះធ្វើការពិនិត្យ និងវាស់វែង កសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនគរបាលជំនាញបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្ដាលមកក្មេងស្រីរងគ្រោះជាអ្នកបើកបរម៉ូតូហុងដាស្កុបពី បត់ឆ្វេងមិនប្រយ័ត្ន ទើបបានជាមានហេតុការណ៍គ្រោះថ្នាក់កើតឡើង ៕ ស្អាងជ័យ