ព័ត៌មានទាន់ហេតុការណ៍៖

​ហាណូយរដ្ឋធានីដែលអាមេរិកធ្លាប់ទម្លាក់គ្រាប់បែក ប្រែក្លាយជាទីតាំងសំខាន់សម្រាប់អាមេរិកពិភាក្សាសន្តិភាព

ចែករំលែក៖

កាលពី៥០ឆ្នាំមុន រដ្ឋធានីហាណូយបានរងការបំផ្លាញដោយសារតែការទម្លាក់គ្រាប់បែកពីយន្តហោះ B-52 របស់អាមេរិក។ ប៉ុន្តែ ពេលនេះហាណូយបានក្លាយជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិភាពអាមេរិក-កូរ៉េខាងជើង ។

នៅថ្ងៃទី២៧ខែកុម្ភៈ សារព័ត៌មាន CNN បានផ្សព្វផ្សាយនូវអត្ថបទវិភាគមួយស្តីពីដំណើរឆ្ពោះទៅមុខនៃរដ្ឋធានីហាណូយ ពីសង្គ្រាមបំផ្លាញដោយអាមេរិក តែពេលនេះរដ្ឋាភិបាលទីក្រុងហាណូយ បានចាប់ដៃ បង្កើនទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ លើគ្រប់វិស័យ។ កត្តា ទាំងនេះហើយទើបទីក្រុងហាណូយបានក្លាយទៅជាគំរូ ៃសន្តិភាពនិងកិច្ចសហប្រតិបត្តិការស័ក្តិសមជាម្ចាស់ផ្ទះសម្រាប់ជំនួបកំពូលរបស់ប្រទេសមហាអំណាចធំៗលើពិភពលោក ។

កាលពីជាងកន្លះសតវត្សរ៍មុនយន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិក បានទម្លាក់«ភ្លៀងគ្រាប់បែក» ជាច្រើនទៅ លើរដ្ឋធានីហាណូយក្នុងសង្គ្រាមវៀតណាម។ ចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧២យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 របស់អាមេរិកបានហោះហើរពីអាកាសយានដ្ឋានយោធា U-Tapao ប្រទេសថៃ និងទីតាំងយោធានៅ Andersen លើកោះ Guam ឆ្ពោះទៅកាន់ប្រទេសវៀតណាមបើកប្រតិបត្តិការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំបំផុត មិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ។

ការទម្លាក់គ្រាប់បែកអូសបន្លាយដល់ទៅ១២យប់១២ថ្ងៃ ប៉ុន្តែមិនទទួលបាន ជោគជ័យនោះឡើយបើទោះបីអាមេរិក មានកម្លាំងទាហានច្រើននិងអាវុធទំនើបៗក្តី។ ក្នុងរយៈពេល១២ថ្ងៃ១២យប់នោះ កម្លាំងទាហានអាកាសអាមេរិកបានទម្លាក់គ្រប់បែករហូតដល់ទៅ៧០០លើកពីយន្តហោះ B-52 និងគ្រាប់បែក១៥ពាន់តោន បានទម្លាក់ រដ្ឋធានីហាណូយបណ្តាលឲ្យ មនុស្សជាង១.៣០០នាក់ស្លាប់ ប៉ុន្តែនៅថ្ងៃ នេះទីក្រុងដែលប្រធានាធិបតីអាមេរិកបានបញ្ជា ឲ្យទម្លាក់គ្រាប់បែកបែរជា ធ្វើម្ចាស់ ផ្ទះស្វាគមន៍ប្រធានាធិបតីអាមេរិកយ៉ាង កក់ក្តៅនិងជិតស្និទបំផុត និងជាទីកន្លែង សម្រាប់ដោះស្រាយវិបត្តិនៅលើពិភពលោក ក្នុងការស្វែងរកសន្តិភាព ។

ទីក្រុងហាណូយ កាលពីឆ្នាំ១៩៥៤មានទំហំតែ១៥២គីឡូម៉ែត្រក្រឡានិងមាន ពលរដ្ឋ តែ៥៣ពាន់នាក់ប៉ុណ្ណោះ។ តែ ពេលនេះរដ្ឋធានីហាណូយទំហំដីដល់ទៅ ជាង៣ពាន់គីឡូម៉ែត្រក្រឡា និងពលរដ្ឋ ជាង៧លាននាក់រស់នៅ។ អគារខ្ពស់ៗជាច្រើនបានផុសឡើងទូទាំងទីក្រុងហាណូយ បានលុបបំបាត់នូវស្លាកស្នាម រណ្តៅនៃការទម្លាក់គ្រាប់បែកកាលពីជាង៥០ឆ្នាំមុន ។

តាមសារព័ត៌មាន CNN បានផ្សាយការ រីកចម្រើនចាប់តាំងពីបញ្ចប់សង្គ្រាមរហូតមកទល់ពេលនេះ និងការផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ចជាហេតុផលជួយឲ្យទីក្រុង ហាណូយ ជាជម្រើសសរបស់ប្រធានាធិបតីដូណាលត្រាំ សម្រាប់ពិភាក្សាស្តីពីសន្តិភាពជាមួយមេដឹកនាំកូរ៉េខាងជើង ។ អាមេរិក មានចេតនា ជ្រើសរើសវៀតណាម សម្រាប់ធ្វើជាគំរូដល់កូរ៉េខាងជើងឲ្យងាកពីការប្រឈមមុខដាក់គ្នាទៅជាមហាមិត្តយ៉ាងជិតស្និទបំផុត ។

ចំពោះទីក្រុងវ៉ាស៊ីនតោន វៀតណាម បានបង្ហាញឲ្យឃើញថា ការចង់គំនុំមិន អាចស្ថិតស្ថេរបានឡើយ ហើយពេលនេះបានប្រែក្លាយជាមិត្ត។ទាំងនោះជាភស្តុតាងស្តីពីការកែទម្រង់សេដ្ឋកិច្ចនាំមកនូវភាព រុងរឿងជូនពលរដ្ឋ ដែលធ្លាប់រងទុក្ខលំបាកក្នុងសម័យសង្គ្រាម។

នៅក្នុងជំនួបពិភាក្សាលើកនេះអាមេរិក និង កូរ៉េខាងជើង ប្រាកដជាមិនអាចមើលឃើញនូវស្លាកស្នាមនៃសង្គ្រាមវៀតណាមឡើយ ក្នុងទីក្រុងហាណូយ ទាំងនោះជាការចង់បានរបស់មេដឹកនាំទាំងពីរហើយសង្ឃឹមថាកូរ៉េខាងជើងនឹងដើរតាមកន្លងរបស់ វៀតណាម ឆ្ពោះទៅកាន់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការយ៉ាងជិតស្និទ្ធបំផុត។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហោះសារនាថ្ងៃទី២៧ខែកុម្ភៈនេះថា កូរ៉េខាងជើងនឹងមានឱកាស ទទួលបានការរីកចម្រើនដូចជាប្រទេសវៀតណាមដែរ ប្រសិនបើលោក គីម ជុងអ៊ុន គោរពតាម ពាក្យសន្យានៃការបោះបង់ចោលអាវុធ នុយក្លេអ៊ែរ ។

ការបង្ហោះសារនេះធ្វើឡើងនៅមុន ពេលដែល លោក ដូណាល់ ត្រាំ ត្រូវជួប មុខគ្នាបើកឆាកក្នុងជំនួបកំពូលលើកទីពីរ នៅទីក្រុងហាណូយនាល្ងាចថ្ងៃពុធនេះ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ លោក ត្រាំ បាននិយាយដូច្នេះថា «ប្រទេសវៀតណាមកំពុងតែរីកចម្រើនដូចទៅនឹងកន្លែងមួយចំនួនតូចប៉ុណ្ណោះនៅលើផែនដី។ កូរ៉េខាងជើងនឹងអាចដូចគ្នាហើយលឿនមែនទែន ប្រសិនបើបោះបង់ចោលអាវុធនុយក្លេអ៊ែរ។ វាគឺជាសក្តានុ ពល និងជាឱកាសដ៏កម្រអស្ចារ្យមួយ សម្រាប់លោក គីម ជុងអ៊ុន ប៉ុន្តែយើងនឹងដឹងច្បាស់ក្នុងពេលឆាប់ៗនេះ»។

គួរជម្រាបថាក្រោយមកដល់រដ្ឋធានីហាណូយ នៃប្រទេសវៀតណាមកាលពី យប់ថ្ងៃអង្គារ លោក ត្រាំ នឹងចាប់ផ្តើមបើកកិច្ចប្រជុំកំពូលលើកទីពីររបស់លោកជា មួយលោក គីម នាល្ងាចថ្ងៃពុធនេះតាម រយៈការជួបសន្ទនាមួយទល់មួយរយៈ ពេល២០នាទីនិងការទទួលទានអាហារជាមួយគ្នាដែលមានរយៈពេលជាង១ម៉ោង កន្លះ ហើយមេដឹកនាំទាំងពីរនឹងជួបគ្នាម្តងទៀតនៅថ្ងៃស្អែក ៕ សាធី


ចែករំលែក៖